លោក Mike Pompeo ដែល​ធ្លាប់​ធ្វើ​ឲ្យ​ចិន​ខឹង ​ពេល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេសអាមេរិកនឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់

0
155

 

លោក Mike Pompeo ​ដែលធ្លាប់​បាន​ធ្វើ​ឲ្យ​ចិន​ដីគោកខឹង​សម្បា ​នៅពេល​ដែល​លោកកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេសអាមេរិក ​ដោយ​លោកធ្លាប់​បាន​រិះគន់​ និង​វាយ​ប្រហារ​គណបក្ស​កុម្មុយនីស្តចិន​នោះ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ នៅ​សប្តាហ៍​ក្រោយ ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen។ លោក Pompeo បាន​បម្រើ​ការងារ​នៅ​ក្រោម​អតីត​ប្រធានាធិបតី Donald Trump ចាប់តាំង​ពី​ឆ្នាំ២០១៨​ រហូត​ដល់​បញ្ចប់​អាណត្តិ​របស់​រដ្ឋបាល​នោះ ​កាល​ពី​ខែ​មករា ឆ្នាំ​ទៅ។ ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បញ្ចាក់​ថា លោក Pompeo និង​ភរិយា នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​តៃវ៉ាន់ ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៥ ខែ​មីនា ហើយ​ក៏​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​លោក Joseph Wu ហើយ​នឹងថ្លែង​សុន្ទរកថា​នៅ​អង្គការ​ស្រាវជ្រាវ​មួយ។ ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បញ្ចាក់​​ថា៖ «អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Pompeo គឺជា​មិត្តភក្តិ​ដ៏​យូរ​អង្វែង ​និង​ប្តូរផ្តាច់​របស់​តៃវ៉ាន់​ ហើយ​បាន​រួម​វិភាគទានដ៏​ច្រើន ​ដើម្បី​លើកស្ទួយ​ចំណង​ទាក់ទង​រវាង​កោះ​តៃវ៉ាន់​ និង​​អាមេរិក ​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស»។ រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Trump បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ខ្លាំង​ដល់​កោះ​តៃវ៉ាន់ ថ្វីបើ​មិន​មាន​ចំណង​ទាក់ទងខាង​ការទូត​ផ្លូវការ​ក៏​ដោយ រួម​ទាំងការលក់​អាវុធ​ដ៏ច្រើន​ និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​សហរដ្ឋ​អាមេរិក​ទៅ​កាន់ទីក្រុង​តៃប៉ិ​ផងដែរ៕ (Reuters ថ្ងៃទី២២ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here