ទីក្រុងហុងកុងបានឲ្យដឹង កាលពីចុងសប្តាហ៍ថា ខ្លួននឹងពន្យារពេលការជ្រើសរើសមេដឹកនាំថ្មី ដើម្បីត្រៀមធ្វើតេស្តកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ខណៈដែលទីក្រុងនេះជួបបញ្ហាក្នុងការដោះស្រាយរលកឆ្លងថ្មីនៃជំងឺកូវីដ១៩។ ទីក្រុងហុងកុង ដែលជាទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិននេះ បច្ចុប្បន្នកំពុងមានការផ្ទុះឆ្លងជំងឺកូវីដ ១៩ ដ៏ធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងរាប់ពាន់ករណី ក្នុងមួយថ្ងៃ ហើយមន្ទីរពេទ្យនានាមានអ្នកជំងឺច្រើន រកកន្លែងដាក់មិនបាន ចំណែកឯគោលនយោបាយតម្រូវឲ្យគ្មានកូវីដរបស់ចិនវិញ កំពុងតែបរាជ័យ។ គណៈកម្មាធិការតូចមួយ ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានបង្កើតឡើង ដើម្បីជ្រើសរើសនាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង នៅចុងខែមីនា ដោយកាលបរិច្ឆេទនៃការតែងតាំងបេក្ខជនបានចាប់ផ្ដើម កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែមេដឹកនាំបច្ចុប្បន្ន គឺអ្នកស្រី Carrie Lam បានប្រកាសកាលពីថ្ងៃសុក្រថា ការជ្រើសរើសមេដឹកនាំថ្មីនេះនឹងត្រូវពន្យារពេលដល់ថ្ងៃទី៨ ខែឧសភា។ អ្នកស្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការសម្រេចនេះ គឺដោយសារតែទីក្រុងហុងកុងកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ បានចាប់ផ្ដើមកាលពី ២ឆ្នាំមុនមក ស្ថានភាពធ្ងន់ធ្ងរណាស់នៅពេលនេះ»។ អ្នកស្រី Carrie Lam បានបញ្ជាក់ថា ក្រុមអាជ្ញាធរកំពុងតែត្រៀមធ្វើតេស្តប្រជាជនទាំង ៧ លាន ៥ សែននាក់របស់ខ្លួន។ អ្នកស្រីបានថ្លែងថា៖ «វិធានការមួយដែលយើងកំពុងតែត្រៀមយ៉ាងយកចិត្តទុកដាក់នោះ គឺការតម្រូវឲ្យធ្វើតេស្តគ្រប់ៗគ្នា។ ដូច្នេះ យើងត្រូវធ្វើតេស្តប្រជាជនគ្រប់គ្នានៅក្នុងទីក្រុងហុងកុង»។ ក៏ប៉ុន្តែជាថ្មីម្ដងទៀត អ្នកស្រីនៅតែច្រានចោលការបិទទីក្រុងទាំងមូល៕ (AFP ថ្ងៃទី២១ ខែកុម្ភៈ)