កូដកម្មដ៏ធំមួយបានធ្វើឲ្យរាំងស្ទះដល់បណ្តាញរថភ្លើងក្រោមដី នៅទីក្រុងប៉ារីស និងរថភ្លើងខ្សែកាបរបស់ទីក្រុង កាលពីថ្ងៃសុក្រ ដោយបានបង្អាក់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរាប់លាននាក់ ខណៈពេលដែលក្រុមកម្មករបានទាមទារឲ្យមានការតំឡើងប្រាក់ខែរបស់ពួក។ ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈរបស់ទីក្រុងប៉ារីស RATP បានបញ្ជាក់ថា ខ្សែរថភ្លើងក្រោមដីចំនួន ៨ខ្សែ ត្រូវបានបិទមិនដំណើរការ ដោយរទេះភ្លើងនៅសល់ ៦ខែ្សទៀត មានដំណើរការបន្តិចបន្តួចតែប៉ុណ្ណោះ ស្របពេលដែលខ្សែរថភ្លើង RER របស់ទីក្រុង ដែលរត់ពីផ្នែកខាងលិចទៅខាងកើត និងពីខាងត្បូងទៅផ្នែកខាងជើង ក៏ទទួលរងការបះពាល់ធ្ងន់ធ្ងរផងដែរ ដោយសារការធ្វើកូដកម្មនេះ។ មានរថភ្លើងតែ ២ខ្សែប៉ុណ្ណោះ គឺខ្សែទី១ និងទី១៤ ដែលរត់ដោយខ្លួនឯង និងគ្មានមនុស្សបើកដែលមិនបានទទួលរងប៉ះពាល់ដោយការធ្វីកូដកម្មនេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំងលោក Jean-Baptiste Djeebbari បាននិយាយនៅលើ Twitter ថា «យើងអំពាវនាវដល់អ្នកធ្វើការទាំងអស់ឲ្យធ្វើការងារពីផ្ទះរបស់គេ ឲ្យបានជាអតិបរិមា»។ ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ RATP បាននិយាយថា ការធ្វើកូដកម្មដើរចេញពីការងាររបស់កម្មករ កើតមានឡើង ស្របពេលដែលក្រុមសហជីព និងប្រធានក្រុមការងារគ្រោងនឹងពិភាក្សាគ្នា ស្តីពីបញ្ហាប្រាក់កម្រៃប្រចាំឆ្នាំរបស់ពួកគេ ដែលពុំមានការតំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យ។ ក្រុមហ៊ុនដឹកជញ្ជូន RATP និយាយថា ខ្លួនបានត្រៀមរៀបចំការតំឡើងប្រាក់បៀវត្សប្រមាណ ២,៧% នៅក្នុងឆ្នាំ២០២២នេះ ជាទង្វើមួយដែលខាងសហជីពនិយាយនៅខែនេះថា ជាការបង្កហេតុមួយ។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងប៉ារីស ដែលមានការមមាញឹកខ្លាំងបំផុតមួយក្នុងពិភភលោក បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ជាច្រើនដង។ អ្នកក្រុងប៉ារីសនៅចាំបានថា កាលពីឆ្នាំ២០១៩ ក្នុងរដូវស្លឹកឈើជ្រុះ មានការធ្វើកូដកម្មដើរចេញពីការងាររបស់ក្រុមកម្មករអស់រយៈពេល មួយខែ ដោយនៅពេលនោះក្រុមកម្មកររថភ្លើង និងផ្នែកដឹកជញ្ជូនសាធារណៈ បានប្រឆាំងតវ៉ានឹងផែនការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតីលោក Emmanuel Macron។ លោក Macron នៅពេលនោះ ក៏បានអំពាវនាវឲ្យលុបចោលការធ្វើកំណែទម្រង់នោះ ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩៕ (Reuters ថ្ងៃទី២១ ខែកុម្ភៈ)