បើមានអ្នកជួយ Share ម្នាក់មួយៗដល់ថ្នាក់ដឹកនាំ ប្រហែលល្អ

0
214

រឿង«កម្មសិទ្ធិបញ្ញា» (Copy right) លើបទចម្រៀងជំនាន់ដើមកំពុងបង្កើតភាពក្តៅក្រហាយពេញបន្ទុក មូលហេតុបណ្តាលមកពីអ្នករកលុយតាម Channel Youtube មួយចំនួនកំពុងប្រជែង ប្រខាំ ដណ្តើមគ្នាយកបទចម្រៀងរៀមច្បងទៅដាក់រក្សាសិទ្ធិ (Copy right)យ៉ាងគគ្លើន ភ្លូកទឹកភ្លូកដី ហាក់ដូចជាកេរតំណែលរបស់ដូនតាខ្លួន ខណៈដែលសាច់ញាតិ ឬអ្នកនិពន្ធម្ចាស់ស្នាដៃមិនបានផលប្រយោជន៍ ឬមិនដឹងខ្លួនថា ស្នាដៃរបស់ខ្លួន ឬសំនៀងរបស់ប្តី ឬរបស់ប្រពន្ធត្រូវបានគេកំពុងកេងប្រវ័ញ្ចដោយយកទៅដាក់ Copy right ពេញ Youtube សោះ ។ ដោយសារបញ្ហានេះទើបអ្នកចូលចិត្តបង្ហោះចម្រៀងជំនាន់ដើមជាច្រើនមិនសប្បាយចិត្ត ខឹង ជេរ ដាក់បណ្តាសារចំពោះជនទាំងឡាយណាដែលដាក់ Copy right ចម្រៀងទាំងនោះស្ទើរ 100 % ទៅហើយ សូម្បីខ្ញុំបាទជាអ្នកស្រាវជ្រាវ នៅពេលអត្ថាធិប្បាយប្រវត្តិចម្រៀងជំនាន់ដើមក៏មិនអាចដាក់ចម្រៀងទាំងនោះបង្ហាញជូនអ្នកទស្សនាបានគឺព្រោះតែជាប់ Copy right នេះឯង តែអ្នកខ្លះមិនដឹងរឿងនេះចេះតែខឹងខ្ញុំ ជួនកាលរិះគន់ខ្ញុំថា ហេតុអ្វីនិយាយប្រវត្តិបទចម្រៀងរួចហើយ ម្តេចមិនដាក់ចម្រៀងឲ្យស្តាប់ដល់ចប់ផង ? ហេតុអ្វីចាក់តែក្បាលបទត្រឹម១ម៉ាត់២ម៉ាត់អីចឹង ? បើចាក់ដល់ចប់ច្បាស់ជាជាប់ Copy right ហើយជួនកាលត្រូវគេ Block ឬគេ Report នាំឲ្យខូច Channel ទៀតផង ។ គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌បានប្រកាសផ្តល់សិទ្ធិ«គ្រប់គ្រងកេរតំណែល» ឬផ្តល់ការ«គ្រប់គ្រងកម្មសិទ្ធិបញ្ញា»ដល់គ្រួសារអ្នកចម្រៀង ឬកវីនិពន្ធជំនាន់ដើមតែបួនប្រាំនាក់ប៉ុណ្ណោះ ដូចជាគ្រួសារលោក ស៊ីន ស៊ីសាមុត (៦៨បទ បើខ្ញុំមិនច្រឡំ) បងស្រីរបស់អ្នកស្រី រស់ សេរីសុទ្ធា (១បទ) ជូនគ្រួសារលោក គង្គ ប៊ុនឈឿន ជូនលោក ឯល ប៊ុនណា ជូនលោក អ៊ុក សំអាត និងជូនភរិយាលោក ស្វាយ សំអឿ ប៉ុណ្ណោះ ។ ចំណែកស្នាដៃអ្នកចម្រៀងនិងកវី តន្រ្តីករផ្សេងៗមិនទាន់ត្រូវបានទទួលសិទ្ធិនៅឡើយព្រោះតែពុំមានសាច់ញាតិយកឯកសារទៅជូនក្រសួង ឬអ្នកខ្លះមិនដឹងថារកឯកសារមកពីណា ឬអ្នកខ្លះដឹង តែខ្ជិលព្រោះនឹកថា ពេលទទួលបានសិទ្ធិនេះ ក៏គ្មានសង្ឃឹមថាបានអ្វីមកវិញដែរ ព្រោះស្រុកខ្មែរ ក្រសួងពាក់ព័ន្ធមិនជួយឈឺឆ្អាល ឬការអនុវត្តន៍ច្បាប់ធូរលុង ឬមានតែច្បាប់លើក្រដាស រីឯអ្នកប្រព្រឹត្តិនៅតែប្រព្រឹត្តិគ្មានអជ្ញាធរណាឈឺក្បាល តាមបង្រ្កាប ឬដេញដោលឡើយ ។

ជាក់ស្តែងករណីផលិតកម្មមួយនោះ យកបទ«នឹកភូមិភ្នំធំ»របស់អ្នកស្រី រស់ សេរីសុទ្ធា ស្នាដៃកវី គង្គ ប៊ុនឈឿន ទៅកែបទភ្លេងខុសទម្រង់ដើម ស្រែកដូចជ្រូកគេចាក់ក ហើយគ្រួសារលោកគង្គ ប៊ុនឈឿន តវ៉ាយ៉ាងក្តៅគគុក ប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយពេញប្រទេសផង ក៏គ្មានបានលទ្ធផលអ្វីឡើយ ។ លើសពីនេះសូម្បីតែពាក្យ«សុំទោស»ចេញពីផលិតកម្ម ឬពីអ្នកចម្រៀងផ្ទាល់ ក៏គេខ្ពើមនិយាយមកកាន់ភរិយា ឬគ្រួសារលោក គង្ក ប៊ុនឈឿនផង ។ ចំណែកក្រសួងក៏មិនសូវរវីរវល់ទៀត ..យូរៗទៅរឿងនេះក៏ស្ងាត់ទៅវិញទាំងអស់សង្ឃឹម គ្រួសារលោកគង្គ ប៊ុនឈៀន បានត្រឹមតែដេកចុកឈាមប៉ុណ្ណោះ ។ ដូច្នេះត្រង់នេះទើបគ្រួសាររៀមច្បងខ្លះក៏ខ្ជិលទៅដាក់ឯកសារសុំសិទ្ធិពីក្រសួង ដែលជាហេតុនាំឲ្យស្នាដៃឬកេរតំណែលរៀមច្បងជាប្តី ជាឪពុក ជាម្តាយ ឬជាសាច់ញាតិផ្សេងៗក៏ស្ថិតនៅជាសាធារណៈ ឬស្ថិតក្រោមការគ្រប់គ្រងរបស់(រដ្ឋ)ដែលមានក្រសួងវប្បធម៌ជាដៃជើង ជាអ្នកគ្រប់គ្រង ។ យ៉ាងណាក៏ដោយ ទោះបីចម្រៀងរៀមច្បងមិនទាន់ប្រគល់សិទ្ធិដល់គ្រួសារពួកគាត់ក្តី ក៏អ្នកដទៃ ពិសេសអ្នករកលុយតាម Youtube គ្មានសិទ្ធិយកទៅដាក់ជា«កម្មសិទ្ធិបញ្ញា» (Copy right) ឡើយ លើកលែងតែក្រសួងវប្បធម៌អនុញ្ញាតិដោយមានលក្ខណ័ផ្សេងៗ ឬអ្នកនោះបានទិញសិទ្ធិពីគ្រួសារអ្នកនិពន្ធ ឬពីអ្នកចម្រៀងដែលបាន«ទទួលសិទ្ធិគ្រប់គ្រងកម្មសិទ្ធិបញ្ញា»ជាមុនសិន ប៉ុន្តែតាមរយៈការតាមសង្កេត តាមដានរបស់ខ្ញុំគឺមានអ្នកខ្លះនៅក្នុងប្រទេស អ្នកខ្លះនៅបរទេស ខ្លះជាខ្មែរ ឬខ្លះជាជនបរទេសផង ពុំបានទទួលសិទ្ធិយកចម្រៀងទាំងនោះទៅធ្វើអាជីវកម្មពីក្រសួងវប្បធម៌ ឬពីគ្រួសាររៀមច្បងឡើយ តែយកទៅដាក់ Copy right យកផលប្រយោជន៍ដោយខ្លួនឯងតែម្តង ដែលនេះជាការ«បំពានកម្មសិទ្ធិបញ្ញា»របស់សាច់ញាតិរៀមច្បង ឬពីរៀមច្បងផ្ទាល់ដែលនៅរស់ ឬជាការបំពានច្បាប់របស់កម្ពុជាកណ្តាលវាលតែម្តង ។ ដោយឡែកក្រុមហ៊ុន Youtube ដែលពុំចេះភាសាខ្មែរ ពុំបានយល់ដឹងអំពីប្រវត្តិនៃការផលិតចម្រៀងទាំងនោះក៏ចេះតែផ្តល់ការការពារសិទ្ធិ (Copy right) បទចម្រៀងដល់អ្នកសុំដែលមិនមានឯកសារ ឬមិនស្របច្បាប់ទាំងនោះ៉យ៉ាងរលូន ។ អ្វីៗទាំងនេះជាបញ្ញាដ៏ធំដែលក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធនានាដូចជាក្រសួងប្រៃសណីយ៍ និងក្រសួងមហាផ្ទៃ…ជាដើម គួរតែសហការគ្នាចាត់វិធានការលើរឿងនេះដោយហៅតំណាងក្រុមហ៊ុន Youtube ប្រចាំនៅកម្ពុជាមកពន្យល់បង្ហាញ ហើយឲ្យចាត់ការលើអ្នកល្មើសកម្មសិទ្ធិបញ្ញាទាំងនេះ ។ ជាមួយគ្នានោះត្រូវតែកោះហៅ ឬតាមស្រាវជ្រាវរកម្ចាស់ Channel Youtube ដែលដាក់ Copy right មកបំភ្លឺ និងចាត់ការតាមច្បាប់…។ រឿងនេះខ្ញុំបានលើកឡើងច្ហរើនដងដែរហើយ តែមកដល់ពេលនេះពុំឃើញមានលទ្ធផលសោះ ប្រហែលដោយសារក្រសួងមិនបានអានសំណេរនេះ ឬដោយសារយើងមិនមែនជាមន្រ្តីរដ្ឋក៏មិនដឹង ។ ល្ហើយ ! ខ្ញុំមិនរៀបរាប់វែងឆ្ងាយទៀតទេព្រោះដឹងថា គ្មានអ្នកណាអានដដែល ណាមួយដល់ថ្ងៃបង់ថ្លៃផ្ទះ ទឹកភ្លើងផង

LEAVE A REPLY

Please enter your comment!
Please enter your name here