អាមេរិក​នឹង​លក់​រថក្រោះ​ ២៥០ ​គ្រឿង ​ឲ្យ​ប៉ូឡូញ

0
330

 

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​លក់​រថក្រោះ​ប្រភេទ M1 Abrams ចំនួន ២៥០ គ្រឿង​ឲ្យ​ប្រទេស​ប៉ូឡូញ សម្រាប់​ពង្រឹង​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​នេះ ចំ​ពេល​មាន​ការ​កើនឡើង​ភាពតានតឹង​ជាមួយ​រុស្ស៊ី ជុំវិញ​បញ្ហា​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកលោក Lloyd Austin បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្នុង​រដ្ឋធានីវ៉ាសូវី​ កាល​ពីចុងសប្តាហ៍​ថា លោក និង​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ជូន​ដំណឹង​ដល់​សភា ​អំពី​បំណង​នៃ​ការ​លក់​រថក្រោះ​នេះ​ហើយ។ ​លោក Austin ថ្លែង​ថា៖ «ពេលវេលា​ជាក់លាក់​នៃ​ការ​ដឹកជញ្ជូន​រថក្រោះ​ទាំង​នេះ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា»។ ប្រទេស​ប៉ូឡូញ​បាន​ប្រកាស​ផែនការ​ទិញ​រថក្រោះ​ពី​សហរដ្ឋ​អាមេរិក ​​កាល​ពី​រដូវ​ក្ដៅ ​ឆ្នាំ​មុន ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ​ដែល​មាន​តម្លៃប្រមាណ ៦ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការលក់​រថក្រោះ​នេះ ​ចេះ​តែ​ត្រូវបាន​ពន្យារ​ពេល។ ​លោក Austin បាន​មាន​ប្រសាសន៍​ថា ការទិញ​របស់​ប្រទេស​ប៉ូឡូញ​នេះ ​ក៏​នឹង​ជួយ ​«ធានា​នូវ​ការ​ចែកចាយ​មួយ​កាន់​តែ​មាន​សមធម៌» ​នៃ​ការ​ទទួល​ខុសត្រូវ​ផ្នែក​ការពារ ​ក្នុង​ចំណោម​ក្រុម​សម្ព័ន្ធមិត្ត​របស់​អង្គការណាតូ​ផង​ដែរ»។ លោក Austin បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ប៉ូឡូញ ​ដែល​បាន​ទទួល​ទាហាន​សហរដ្ឋ​អាមេរិក​បន្ថែម​ចំនួន ៤.៧០០ នាក់ ដែល​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ឆ្លើយតប ប្រសិន​បើ​រុស្ស៊ី​លុកលុយ​អ៊ុយក្រែន។ មាន​កងកម្លាំង​សហរដ្ឋ​អាមេរិក​ចំនួន​ពី ៩​ពាន់ ទៅ ១​ម៉ឺន​នាក់ ​ក្នុង​ប្រទេស​ប៉ូឡូញ ចាប់​តាំង​ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បញ្ជា​ឲ្យ​បញ្ជូន​កងកម្លាំង​ទៅ​ឈរ​ជើង​បន្ថែម​ទៀត​ កាល​ពី​ដើម​ខែ​នេះ​មក៕ (AFP ថ្ងៃទី២១ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here