(ភ្នំពេញ)៖ បន្ទាប់ពីមានការបកស្រាយ និងរិះគន់នាងធ្ងន់ៗ នៅតាមបណ្តាញសង្គមហ្វេសបុក ពីអតីតស្វាមីរបស់ខ្លួន (ឌួង ឆាយ) អ្នកនាង ដេត ម៉ាលីណា ដែលមានរូបសម្បត្តិដ៏ស្អាត បានចេញមកនិយាយតបវិញ នៅល្ងាចថ្ងៃនេះ តាមទំព័រហ្វេសបុកថា«អត់ចេះអាណិតឳពុកខ្លួនឯងកំពុងមានបញ្ហា បែរជាយកពេលមកឡាយនិយាយអាក្រក់ពីឱពុកខ្លួន និងថាខ្ញុំអាក្រក់»។
អ្នកនាង ដេត ម៉ាលីណា បានរំលឹកថា«មិនដែរជួយចិញ្ចឹមកូនទេ ខ្ញុំខំប្រឹងរកស៊ីចិញ្ចឹមកូនត្រុកត្រុករាល់ថ្ងៃឥឡូវបែរជាថ្ងៃទី 16.02.2022 នៅមកឡាយដៀលខ្ញុំទៀត បើមនុស្សប្រុសពិតគេមិនប្រើពាក្យសំដីមើលងាយមនុស្សស្រី ដែលជាភេទដូចម្តាយអ្នកឯងទេ កុំបញ្ចេញចរឹកពិតឱ្យគេដឹងច្រើនពេក ហើយកុំដើរលាបពណ៍ឱ្យគេ»។
អ្នកនាង ដេត ម៉ាលីណា បន្តថា អស់ពីប្ដឹងរឿងដណ្ដើមកូន ឥលូវមកប្ដឹងចង់បានទ្រព្យកូនៗ ដែលជាផ្ទះទុកឱ្យកូននៅ។ មូលហេតុអ្វី ពីព្រោះយើងបានលែងលះគ្នាដាច់ស្រេចរយះពេល ១ ឆ្នាំជាងហើយ ហើយរឿងទ្រព្យសម្បត្តិរួមគ្នាទៀត ដែលបានចាប់ដៃគ្នារកស៊ីអស់រយៈពេល១៣ឆ្នាំ ក៍បានបែងចែករួចរាល់ដែរ។ នាងបញ្ជាក់ថា«ខ្ញុំសុំមិនយល់រឿងទាមទារ យកផ្ទះរបស់កូនចង់ទៅលក់ចែកជាពីរជាមួយខ្ញុំហើយខ្ញុំចង់ប្រាប់អ្នកឯងថា របស់ដែលខ្ញុំចែកឱ្យកូនហើយគឺខ្ញុំមិនប៉ះទេ ហើយក៍ខ្ញុំមិនអោយអ្នកឯងមកយកទ្រព្យរបស់កូនខ្ញុំដែរ ហើយនាងខ្ញុំចង់សួរអ្នកឯងថា មូលហេតុអ្វីបានលើកយករឿងខ្ញុំមកនិយាយ នៅក្នុងការឡាយរបស់អ្នកឯងទៀត ទាំងដែលរឿងយើងបានលែងលះគ្នាចប់សព្វគ្រប់ហើយ ទាំងដែរអ្នកឯងថានិយាយបកស្រាយ រឿងឪពុករបស់អ្នកឯងសោះ»។
នាងបញ្ជាក់ទៀតថា«អត់ចេះអាណិតឳពុកខ្លួនឯងកំពុងមានបញ្ហា បែរជាយកពេលមកឡាយនិយាយអាក្រក់ពីឱពុកខ្លួន និង ខ្ញុំអាក្រក់ចោទកុហក ហើយអ្វីដែរអ្នកឯងនិយាយអំពីខ្ញុំសុទ្ធតែជាពាក្យមិនពិតប្រយត្ន័ទេវតាបរាមុខណា កម្មមិនចាំជាតិក្រោយទេ ឈប់សាងបាបទៀតទៅ កុំអោយថ្ងៃក្រោយគេដៀលកូនថា មានឪពុកចរឹតមិនល្អតាមតែព្យាបាទម្តាយរបស់គេ អ្នកឯងប្រើហឹង្សាវៃដុំច្រំធាក់ខ្ញុំរាប់ឆ្នាំមកហើយខ្ញុំនៅតែលើកលែង ប៉ុន្តែការទ្រាំរបស់ខ្ញុំ ក៏មានដែនកំណត់ពីព្រោះគិតថា អ្នកនឹងកែ ប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុសទាំងអស់»។
បន្ទាប់ពីមានការបកស្រាយ ពីអតីតប្រពន្ធបែបនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពី លោក ឌួង ឆាយ នៅឡើយទេ។
សូមជំរាបថា ក្រុមគ្រួសាររបស់លោក ឌួង ងៀប ដែលមានកូនឈ្មោះ ឌួង ឆាយ តែងៗមានរឿងរ៉ាវក្នុងគ្រួសារ ជាបន្តបន្ទាប់មិនឈប់មិនឈរ និង ល្បីល្បាញនៅក្នុងបណ្តាញសង្គមហ្វេសបុកជាហូរហែរ អស់ពីរឿងមួយចូលរឿងមួយ។ រឿងថ្មីចុងក្រោយ គឺលោក ឌួង ងៀប ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីតុលាការបានចោទពីបទ បោកប្រាស់ជនជាតិចិនតៃវ៉ាន់រឿងលក់ដីខ្យល់។ ប៉ុន្តែ នៅមុនការចាប់ខ្លួននេះ លោក ឌួង ងៀប បញ្ជាក់ថា រឿងនេះមានកូន និង អតីតប្រពន្ធនៅពីក្រោយខ្នង។ ជាមួយគ្នានេះ លោកបានចោទថា តុលាការបានធ្វើឱ្យរឿងនេះប្រែពីសទៅខ្មៅ ប៉ុន្តែតុលាការបដិសេធ។ បន្ទាប់ពីរឿងនេះហើយ គឺលោក ឌួង ឆាយ ក៏បានឆ្លងឆ្លើយរឿងចែកផ្ទះ ជាមួយអតីតប្រពន្ធមួយរឿងទៀត ក្រោយពីលែងលះតាមផ្លូវតុលាការជាង ១ ឆ្នាំមកហើយនោះ ដែលប្រពន្ធអះអាងថា ផ្ទះនេះទុកឱ្យកូនទាំង៣នាក់។
តើរឿងរ៉ាវគ្រួសារ លោក ឌួង ឆាយ អាចបញ្ចប់ត្រឹមរឿងខាងលើនេះទេ ឬក៏នៅមានរឿងអ្វីថ្មីទៀត ជានាពេលអនាគត?