ខេត្តរតនគិរី÷ បុរសម្នាក់ខឹងសម្បានិងនគរបាលចរាចរណ៍ខេត្តផាកពិន័យ ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវមួយកន្លែង នៅទល់មុខតារាងបាល់ចាស់ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់នេះជិះម៉ូតូ១គ្រឿងម៉ាក វេវ ឆ្លាម ពីត្បូងទៅជើងមកដល់កន្លែងកើតហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ ខណៈបុរសរូបនេះមិនមានពាក់មួកសុវត្តិភាពនិងម៉ូតូក៏អត់មានស្លាកលេខផងដែរ។ហើយនគរបាលចរាចរណ៍ក៏បានផាកពិន័យមិនដឹងថាចំនួនប៉ុន្មាននោះទេ ក្រោយមកម្ចាស់ម៉ូតូក៏បានដើរទៅក្បែរម៉ូតូបានបង្ហូរសាំងដុតម៉ូតូតែម្តង។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា បន្ទាប់ពីបុរសម្នាក់នេះបានដុតម៉ូតូរបស់ខ្លួនហើយនោះ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបញ្ជូនទៅការិយាល័យនៃស្នងការនគរបាលខេត្ត ដើម្បីសាកសួរ ធ្វើតេស្តរកគ្រឿងស្រវឹង និងសារធាតុញៀន។
នគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ទៀតថា បុរសរូបនេះមានឈ្មោះ សុខ ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករដើរដកដំឡូងមី។ ហើយម៉ូតូដែលដុតកម្ទេចចោលនោះ ត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។
បច្ចុប្បន្នត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ឦសាន