រុស្ស៊ីថា កំពុងដកទ័ពបណ្តើរៗ តែបស្ចិមប្រទេសថា រុស្ស៊ីកំពុងបញ្ជូនទ័ពបន្ថែម

0
344
NATO Secretary General Jens Stoltenberg speaks during a media conference with British Prime Minister Boris Johnson at NATO headquarters in Brussels, Thursday, Feb. 10, 2022. (AP Photo/Olivier Matthys)

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល ​រវាង​រុស្ស៊ី និង​បស្ចិមប្រទេស ​ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន។  ដោយ​មាន​ភ្ជាប់​រូបភាព​ជាមួយ​ផង រុស្ស៊ី​បាន​ប្រកាស​ពី​ការ​បន្ត​ដក​ទ័ព និង​គ្រឿង​សព្វាវុធ​ចេញ​ពី​តំបន់​ស្ថិត​នៅ​ជុំវិញ​អ៊ុយក្រែន ពិសេស ​ពី​តំបន់​គ្រីមៀរ ​ដែល​រុស្ស៊ី​បាន​ក្រសោក​យក​កាល​ពី​ឆ្នាំ២០១៤។ ការ​ដកទ័ព​នេះ​ត្រូវ​បាន​រុស្ស៊ី​ប្រកាស​តាំង​ថ្ងៃ​អង្គារ ទី១៥ ខែកុម្ភៈ និង​ត្រូវ​បាន​ប្រកាស​ជា​ថ្មី ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ។ ចំណែក​វិមាន​ប្រធានាធិបតី​រុស្ស៊ី​ បាន​ប្រកាស​បញ្ជាក់​លើ​ការ​ដកទ័ព​នេះ និង​បាន​បន្ថែម​ថា ការ​ដក​នេះ​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ ដោយ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា បស្ចិមប្រទេស​មាន​មន្ទិលសង្ស័យ​លើ​បំណង​ល្អ​របស់​រុស្ស៊ី និង​បន្ត​ចោទ​រុស្ស៊ី​ពី​គម្រោង​វាយប្រហារ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ លើស​ពី​នេះ វិមាន​ប្រធានាធិបតី​អាមេរិក ​ថែម​ទាំង​អះអាង​ថា រុស្ស៊ី​មិន​ត្រឹម​តែ​មិន​បាន​ដក​ទ័ពដូច​ការ​ប្រកាស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បញ្ជូន​ចំនួន ៧ ០០០នាក់​ទៀត ​ទៅ​កាន់​ព្រំដែន​អ៊ុយក្រែន។ ការ​អះអាង​របស់​អាមេរិក​នេះ ​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​អង់គ្លេស​លោក ​បេន វ៉ាឡាស់ ​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​អង្គការណាតូ ​ក្នុង​ទីក្រុង​ព្រុចសែល។ លោក ​បេន វ៉ាឡាស់​ បាន​បន្ថែម​ថា ណាតូ​មិន​បាន​មើល​ស្រាល​ចំពោះ​ការ​គំរាមកំហែង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ និង​ថា ណាតូ​បាន​ត្រៀម​កម្លាំង​រួច​ជា​ស្រេច ​ដើម្បី​ឆ្លើយ​តប​នឹង​រុស្ស៊ី​វិញ។ ឯ​ខាង​អ៊ុយក្រែន​វិញ ប្រធានាធិបតី​លោក ​វូឡូឌីមៀរ ហ្សេឡេនស្គី​ បាន​បញ្ជាក់​ពី​ការ​មិន​បាន​ឃើញ​មាន​សញ្ញា​ធូរស្រាល និង​ការ​ធ្លាក់​ចុះ​ចំនួន​ទ័ព​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយក្រែន​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង និង​ការ​ចោទ​របស់​បស្ចិមប្រទេស​នេះ ​ត្រូវ​បាន​ប្រមុខ​ការទូត​រុស្ស៊ី​លោក ​ស៊ែរហ្កី ឡាវរ៉ូហ្វ ​ពិបាក​ទទួល​យក។ តើ​ការ​ពិត​នៅ​ត្រង់​ណា​រវាង​ការ​ប្រកាស​របស់​រុស្ស៊ី និង​ការ​លើក​ឡើង​របស់​បស្ចិមប្រទេស​ពេល​នេះ?។ គេ​មិន​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន សង្រ្គាម​ផ្លូវអាវុធ​មិន​ទាន់​មាន​ទេ តែ​សង្រ្គាមពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល៕ (AP ថ្ងៃទី១៧ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here