អឺរ៉ុបបើកជំនួបកំពូលជាមួយអាហ្វ្រិក ​ដើម្បីប្រជែងឥទ្ធិពលជាមួយចិន និង​រុស្ស៊ី នៅអាហ្វ្រិក

0
304
French President Emmanuel Macron poses for a 'family photograph' with European and African leaders including European Council President Charles Michel and African Union Commission Chairperson Moussa Faki Mahamat for the first day of a European Union- African Union summit at the European Council building in Brussels, Belgium, February 17, 2022. John Thys/Pool via REUTERS

នៅក្នុងជំនួបកំពូលអាហ្វ្រិក-អឺរ៉ុប បើកធ្វើកាលពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃសុក្រ​នេះ សហភាពអឺរ៉ុប និង​មេដឹកនាំ​បណ្តាប្រទេស​អាហ្រ្វិក ត្រូវពិភាក្សាគ្នា ដើម្បី​រកផ្លូវដើរថ្មី សម្រាប់សហប្រតិបត្តិការ រវាង​ទ្វីបទាំងពីរ។ ជំនួបកំពូល​អាហ្វ្រិក-អឺរ៉ុប​ បើកធ្វើឡើង​នៅចំ​ថ្ងៃដែល​បារាំង និង​សម្ព័ន្ធមិត្ត​អឺរ៉ុបប្រកាស​ជាផ្លូវការ​ដកទ័ព​ចេញពីម៉ាលី ជាប្រទេសមួយនៅអាហ្វ្រិក​ខាងលិច ដែល​ងាកទៅចាប់ដៃ​សហការជាមួយ​ទាហានស៊ីឈ្នួល​រុស្ស៊ី នៅក្រោយ​រដ្ឋប្រហារ​យោធា។ ភាពជាដៃគូរវាង​អឺរ៉ុប និង​អាហ្វ្រិក​ត្រូវ​ឈរ​នៅលើ​ការដោះដូរ និង​ចែករំលែកគ្នា។ នេះជា​សាររួម​របស់​ប្រធានសហភាពអឺរ៉ុបលោក ​Charles Michel និង​ប្រធានសហភាពអាហ្វ្រិក នៅ​ថ្ងៃ​បើក​ជំនួបកំពូល​អាហ្វ្រិក-អឺរ៉ុប​ លើកទី៦ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក។ នៅក្នុង​ជំនួបកំពូល​ដែលមានការចូលរួម​ពីមេដឹកនាំ​ប្រទេសអាហ្វ្រិក ​ចំនួន ៤០ ក្នុង​ចំណោម​សមាជិក​សរុប​ ៥៥​ ប្រទេសរបស់​សហភាពអាហ្វ្រិក សន្តិសុខ ស្ថិរភាព ​និង​សុខភាព​នៅទឹកដីអាហ្វ្រិក ជា​សំណុំរឿង​សំខាន់ ដែល​ថ្នាក់ដឹកនាំ​បណ្តាប្រទេស​អាហ្វ្រិក និង​មេដឹកនាំ​ប្រទេស​សមាជិក​សហភាពអឺរ៉ុប ​ត្រូវជជែកគ្នា ដើម្បី​ផ្តល់សន្ទុះ​ថ្មីដល់​ទំនាក់ទំនងភាពជាដៃគូ​ រវាង​ទ្វីបទាំងពីរ។ រដ្ឋប្រហារ ជម្លោះ​ប្រដាប់អាវុធ ភេរវនិយម ការជួញដូរមនុស្ស និង​ចោរសមុទ្រ នៅ​ទឹកដី​អាហ្វ្រិក ក៏​កំពុង​ជះផល​អាក្រក់​មកលើ​អឺរ៉ុប ដូចជា ​បញ្ហា​លំហូរជនអន្តោប្រវេសន៍​មកពី​អាហ្វ្រិក។ តាម​ប្រមុខការទូតអឺរ៉ុបលោក​ Josep Borrell អឺរ៉ុប​មិនអាច​ជួយអាហ្វ្រិក ដែល​ស្គាល់តែ​អសន្តិសុខ អស្ថិរភាព បានឡើយ។ អាហ្វ្រិក​កាន់តែ​រងរញ្ជួយ​ដោយអស្ថិរភាព ដោយសារ​មានការលូកដៃ​ពី​តួអង្គ ចិន និង​រុស្ស៊ី ដែល​មានវិធីសាស្រ្ត និង​គោលដៅនៅលើទឹកដីអាហ្វ្រិក ខុសប្លែក​ពី​អឺរ៉ុប។ ភូមិសាស្រ្ត​នយោបាយ និង​ភាពសំបូរធនធានរ៉ែ បានធ្វើ​ឲ្យអាហ្វ្រិកក្លាយជា​គោលដៅចង់បានពីគ្រប់ទិស។ សម្រាប់​ប្រមុខការបរទេស​អឺរ៉ុប អាហ្វ្រិក​មាន​ជម្រើសច្រើន ប៉ុន្តែសហភាពអឺរ៉ុប​គ្រាន់តែ​បញ្ជាក់​ទៅ​បណ្តាប្រទេស​នៅអាហ្វ្រិកថា ភាពជាដៃគូ​ដែល​អឺរ៉ុប​ស្នើទៅ​ឲ្យអាហ្វ្រិក គឺ​នវានុវត្តន៍ និង​ការគោរព​សិទ្ធិជនជាតិអាហ្វ្រិក ពោល ​គឺ​មិនមែន​មហិច្ឆតាធ្វើ​អាណានិគមនោះទេ។ សហភាពអឺរ៉ុប​ចង់ពិនិត្យមើលឡើងវិញ​ផងដែរ នូវជំនួយគាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​អាហ្វ្រិក។ ទឹកប្រាក់​ ១៥០ពាន់លាន​អឺរ៉ូ ត្រូវ​បាន​សហភាពអឺរ៉ុប​គ្រោង សម្រាប់​ការវិនិយោគ នៅអាហ្វ្រិក ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រាប់​គម្រោងការ​ដែល​ជនជាតិអាហ្វ្រិក​ស្នើឡើង​ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន។ នេះជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ត​របស់អឺរ៉ុប ដែល​បានគ្រោង​ទឹកប្រាក់​សរុប ៣០០​ពាន់​លាន​អឺរ៉ូ សម្រាប់​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធនៅក្នុង​ពិភពលោក ពីពេលនេះ ដល់​ឆ្នាំ ២០២៧ ក្នុងគោលដៅ​ប្រជែងទប់ទល់​មហិច្ឆតា​របស់មហាអំណាចចិន៕ (Reuters ថ្ងៃទី១៧ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here