ទំនាក់ទំនង​អាមេរិក និង​ចិន​ មានលក្ខណៈ​ឡើង​ចុះ​ ៥០​ ឆ្នាំក្រោយទស្សនកិច្ច​របស់លោក​ និក​សុន​

0
156

 

សហរដ្ឋអាមេរិក និង​ចិន ​មាន​ទំនោរ​នៃ​ទំនាក់ទំនង​ការ​​ទូត​ឡើង​​ចុះ​ នៅ​រយៈពេល​ប្រមាណ​កន្លះ​សតវត្សរ៍​មកនេះ​។ ប្រទេស​មហាអំណាច​ទាំង២​ បាន​ចាប់ដៃគ្នា​ជា​លើកដំបូង នៅក្នុងដំណើរ​ទស្សនកិច្ច​រប​ស់​អតីត​ប្រ​ធានា​ធិបតី​អាមេរិក​លោក រី​ឆាដ និក​សុន ខែកុម្ភៈ ឆ្នាំ​១៩៧២ ​បាន​បើកផ្លូវ​ឱ្យមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ ​រវាង​អាមេរិក និង​ចិន ដែល​បណ្ដាលឱ្យ​អាមេរិក​ទទួល​ស្គាល់​ចិនប្រជាមានិត និង​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។ សម្រាប់​ឆ្នាំ ​២០២២ ​នេះ ខាង​ចិនក៏​គិតគូរ​រៀបចំ​ពិធី​រំឭក​ខួប​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក និក​សុន មកកាន់​ស្រុក​ចិន​ទៀតផង​។ នេះ​បើតាម​ការលើកឡើង​របស់​ក្រសួងការបរទេស​​ចិន ​នៅក្នុង​ខែកុម្ភៈ​នេះ​។​ ក្រោយពី​ចិន និង​សូ​វៀត​ ​មាន​ទំនាក់ទំនង​រង្គោះរង្គើ​ផ្នែក​នយោបាយ​ជាមួយគ្នា ​នៅ​ទសវត្សរ៍​ឆ្នាំ១៩៦០ ​បណ្ដាលឱ្យ​អាមេរិក​ឆ្លៀត​ឱ​កាស​ទៅទាក់ទង​ជាមួយ​ចិន ដើម្បី​រួមដៃគ្នា​ប្រឆាំង​សូ​វៀត​។ ទំនាក់ទំនង​នេះ ​បាន​បង្កើតជា​ពាក្យស្លោក​នៅក្នុង​ចំណោម​អ្នកសិក្សា​ទំនាក់​ទំនង​អន្តរជាតិ ​មួយ​ឃ្លា​ថា​៖ «​សត្រូវ​របស់​សត្រូវរ​បស់​យើង ជា​មិត្ត​របស់​យើង​»​។ អំឡុង​ទស្សនកិច្ច​នៅ​ចិន ប្រ​ធានា​ធិបតី​អាមេរិក​បាន​ជួប​ជាមួយ​លោក ម៉ៅ សេទុង ដែលជា​មេដឹកនាំ​ជាន់​​ខ្ពស់​របស់​ចិន និងបាន​សន្ទនា​រាប់​ម៉ោង​ជាមួយ​លោក ​ជូ អេ​ន​ឡាយ ​នាយក​រដ្ឋមន្ត្រី​ចិន​ នៅពេលនោះ​។ ដើម្បី​ប្រឆាំង​ដាច់ខាត​នឹង​សូ​វៀត អាមេរិក​នៅពេលនោះ ​សុខចិត្ត​បោះបង់​តៃវ៉ាន់ ដើម្បី​ចាប់ដៃ​ជាមួយ​ចិន​។ គោលជំហរ​បែបនេះ ​ត្រូវបាន​ព្រមព្រៀង​ចុង​​ក្រោយ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧២ ដែលជា​ថ្ងៃ​ចុង​​ក្រោយ​លោក ​និក​សុន ​មក​ទស្សនកិច្ច​នៅ​ចិន​។ ឯកសារ​នៃ​កិច្ចព្រមព្រៀង​នោះ ​មាន​ឈ្មោះថា សេចក្ដី​ថ្លែងការណ៍​ទីក្រុង​សៀង​ហៃ​ ដែលគេ​បាន​កត់សម្គាល់ថា អាមេរិក​បានធ្វើ​ការគាំទ្រ​ដល់ «​គោល​នយោបាយ​ចិន​តែមួយ​» ហើយ​ព្រមព្រៀង​ក្នុងការ​កាត់បន្ថយ​វត្តមាន​យោធា​របស់ខ្លួន ​នៅ​កោះ​តៃវ៉ាន់​។ ​មហា​អំណាច​ទាំង​២ ក៏មាន​ទំនាក់ទំនងល្អូកល្អិន​ផ្នែក​សេដ្ឋកិច្ច​អំឡុង ៥០ ​ឆ្នាំនេះដែរ​។ អាមេរិកបាន​នាំ​ចិន ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) នៅ​ឆ្នាំ​២០០១ ហើយ​អាមេរិក​ក៏បាន​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ស្រុក​ចិនយ៉ាងច្រើន ក្នុង​រយៈពេល ៥ ​ទសវត្សរ៍​មកនេះ​។ រហូតមកដល់​ទសវត្ស​រ៍​ឆ្នាំ​២០១០ គ្រប់យ៉ាង​ចាប់ផ្ដើម​កើន​ភាព​​តានតឹង​ដាក់គ្នា​។ ចាប់តាំងពី​លោក ស៊ី ជីន​ពីង ឡើងកាន់តំណែង​នៅ​ឆ្នាំ២០១២-២០១៣​ មក ចិន​ចាប់​​ផ្ដើម​កើនឡើង​ឥទ្ធិពល​ក្នុង​​ពិភពលោក​យ៉ាងខ្លាំង ដោយ​មហាអំណាច​អាស៊ី​មួយ​នេះ ​បាន​ប្រកាន់យក​គោលនយោបាយ​ការបរទេស​មួយ ដែល​ពង្រីក​ឥទ្ធិពល​នៅលើ​ពិភពលោក​។​ អាមេរិក​ចាត់ទុកថា ការ​កើន​​ឡើងអំណាច​របស់​ចិន ​ជាការ​​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក ចំណែកឯ​ចិន​វិញ​ចាត់ទុក​អាមេរិក​ថា​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ស្ថានភាព​នៃ​ការប្រកួត​ប្រជែង​នេះ ​នៅ​បន្ត​រហូតមកដល់​ជំនាន់​របស់លោក ចូ បៃដិន ដែល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ​តាមរយៈ​ការ​​បោះឆ្នោត​ឆ្នាំ​២០២០​។​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ​នៅ​អំឡុង​ពេលនេះ ​ហាក់ដូចជា​ស្ថិតក្នុង​សភាព​តានតឹង​ជាមួយគ្នា ហើយ​មាន​អ្នក​អត្ថាធិប្បាយ​ខ្លះ​ចាត់ទុកថា សណ្ដាប់ធ្នាប់​ពិភពលោក​នៅពេលនេះ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​សង្គ្រាម​ត្រជាក់​ជំនា​ន់ទី​២៕ (AFP ថ្ងៃទី១៧ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here