ឥណ្ឌូណេស៊ី-G២០៖ អាមេរិកសង្ឃឹមការចូលរួមបន្ថែមរបស់ចិន ក្នុងការបន្ធូរបន្ធយប្រាក់បំណុលរបស់ប្រទេសក្រីក្រ

0
347

 

ប្រទេស​ឥណ្ឌូណេស៊ី ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ ​ដោយ​ចាប់​ផ្តើមកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ។ កិច្ចប្រជុំនេះ បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​យ៉ូកូ វីដូដូ ដោយលោក​បាន​គូសបញ្ជាក់​ដោយ​ព្រមាន​ថា វា​មិនមែន​ជា​ពេល​វេលា​ដើម្បី​សំឡឹង​មើល​ការ​ប្រជែង​គ្នា និង​ការ​បង្កើត​ភាព​តានតឹង​ថ្មី ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខពិភពលោក និង​បំផ្លាញ​ដល់​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល​ទេ។ តាម​លោក ​វីដូដូ វា​ជា​ពេល​វេលា​ដែល​ទាំង​អស់គ្នា​ត្រូវ​រួម​សហការ​គ្នា ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចពិភពលោក​ឡើង​វិញ។ ប្រធានរឿង ​ដែល G២០ ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ ​រយៈពេល ២ថ្ងៃ ​រួម​មាន  កំណើន​អត្រា​អតិផរណា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គោលនយោបាយ​រូបិយវត្ថុ​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ចំពោះ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ កំណែទម្រង់​លើ​ការ​យក​ពន្ធ​អន្តរជាតិ ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល ឬ ​មួយ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ។ ប្រធានរឿង ​ស្តីពី​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល និង​ការ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ ​ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​រដ្ឋមន្រ្តី​ហិរញវត្ថុ​អាមេរិក​លោកស្រី ​ចានែត យេលែន។ លោកស្រី​ ចានែត យេលែន ​យល់​ថា វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​គេ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល​ ដើម្បី​អាច​មាន​មធ្យោបាយ​គ្រប់គ្រាន់ ​ក្នុង​ការ​បង្ការ រៀបចំ និង​ដោះស្រាយ​ភ្លាមៗ ​នៅ​ពេល​មាន​ផ្ទុះ​ជំងឺ​ឆ្លង​សកល​ជា​យថាហេតុ ​នា​ពេល​ខាង​មុខ។ ទាក់ទង​នឹង​ការ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ត្រូវ​បាន​លោកស្រី ​ចានែត យេលែន ​អំពាវនាវ​ឲ្យ G២០ ពន្លឿន​ការងារ​របស់​ខ្លួន ពិសេស​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​របស់​ចិន។ តាម​លោកស្រី​ ចានែត យេលែន ប្រាក់បំណុល​នៅ​ក្នុង​ក្រុម​ប្រទេស​ក្រីក្រ​បាន​កើន​ឡើង​ខ្លាំង ​នៅ​ក្នុង​សម័យ​កូវីដ១៩៕ (AP ថ្ងៃទី១៧ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here