ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានជ្រើសយកថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីប្រារព្ធទិវាឯកភាព មិនមែនជាជម្រើសចៃដន្យទេ ព្រោះបើយោងតាមរបាយការណ៍មួយចំនួនរបស់ក្រសួងស៊ើបការណ៍សម្ងាត់អាមេរិក រុស្ស៊ីអាចវាយប្រហារចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី១៦ ខែកុម្ភៈ។ ដើម្បីជាការតបនឹងការវាយប្រហារជាយថាហេតុពីរុស្ស៊ី លោក ហ្សេឡេនស្គី បានយកថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីបង្ហាញពីការស្នេហាជាតិ និងការសាមគ្គីរបស់ប្រជាជនអ៊ុយក្រែន។ គួររម្លឹកថា រុស្ស៊ីបានដាក់ពង្រាយទ័ពជាង ១០០ ០០០នាក់ ព្រមទាំងអាវុធគ្រប់ធុននៅព័ទ្ធជុំវិញប្រទេសអ៊ុយក្រែន។ ទង្វើរបស់ក្រុងមូស្គូនេះ បានធ្វើឲ្យបស្ចិមលោកបារម្ភពីការចូលឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ ផ្តើមចេញពីចំណុចនេះហើយ ដែលកិច្ចចរចារវាងថ្នាក់ដឹកនាំបស្ចិមលោកគ្រប់ជាន់ថ្នាក់ និងរុស្ស៊ីបានបន្តមានជាបន្តបន្ទាប់ មកដល់ពេលនេះ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហុលស៍ បានទៅជួបសន្ទនាផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក្នុងទីក្រុងមូស្គូ។ ក្នុងថ្ងៃអង្គារនោះដដែល ស្រាប់តែរុស្ស៊ីបានប្រកាសពីការដកទ័ពមួយចំនួនចេញពីព្រំដែនអ៊ុយក្រែន។ គេអាចនិយាយបានថា ការប្រកាសរបស់រុស្ស៊ីនេះ បានធ្វើឲ្យបស្ចិមប្រទេសភ្ញាក់ផ្អើល និងមិនភ្ញាក់ផ្អើល ព្រោះនេះជាអ្វីដែលក្រុមបស្ចិមប្រទេសបានទាមទារតាំងពីដំបូង ហើយភ្ញាក់ផ្អើលដោយក្រុមបស្ចិមប្រទេសចោទជាសំណួរថា តើកាយវិការរបស់រុស្ស៊ីពេលនេះបានធ្វើឡើងក្រោមហេតុផលអ្វី ខណៈដែលការចរចា រវាងរុស្ស៊ី និងបស្ចិមលោកកំពុងបន្តមានយ៉ាងតឹងសរសៃក។ ទោះជាយ៉ាងនេះក្តី ក្រុមបស្ចិមប្រទេសបានដឹង បានឃើញ និងបានឮនូវការប្រកាសរបស់រុស្ស៊ី ដោយមានការប្រយ័ត្នប្រយែងជាទីបំផុត។ ប៉ុន្តែអ្នកដែលប្រយ័ត្នប្រយែងខ្លាំងជាងគេចំពោះការប្រកាសរបស់រុស្ស៊ី គឺប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ លោកបានយល់ឃើញថា រុស្ស៊ីដកទ័ពចេញពីព្រំដែនអ៊ុយក្រែនជាដំណឹងល្អ តែគេនៅមិនបានផ្ទៀងផ្ទាត់មើលថា ពិតឬអត់ទេ។ លោក បៃដិន នៅតែគិតថា ការវាយប្រហារពីរុស្ស៊ីលើអ៊ុយក្រែននៅតែអាចកើតឡើង និងថាពេលនេះ មានទ័ពរុស្ស៊ីដល់ទៅ ១៥០ ០០០នាក់ កំពុងឡោមព័ទ្ធអ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោក បៃដិន បន្តដាក់គំនាប និងបន្តប្រកាន់ជំហរម៉ឺងម៉ាត់លើរុស្ស៊ី ដោយព្រមានជាថ្មីថា រុស្ស៊ីនឹងទទួលទណ្ឌកម្មចាស់ដៃ បើរុស្ស៊ីហ៊ានចូលឈ្លានពានអ៊ុយក្រែន។ លោក ពូទីន ធ្លាប់បានបញ្ជាក់ច្រើនដងថា រុស្ស៊ីគ្មានបំណងចូលឈ្លានពានអ៊ុយក្រែន និងបានអះអាងក្នុងថ្ងៃអង្គារ ទី១៥ ខែកុម្ភៈថា រុស្ស៊ីមិនចង់មានសង្រ្គាមទេ។ តែក្នុងពេលជាមួយគ្នា លោក ពូទីន មិនភ្លេចរម្លឹកពីសំណើទាមទាររបស់រុស្ស៊ីដែលអាមេរិក និងអង្គការណាតូបានបដិសេធ ពិសេស សំណើសំខាន់ចំនួន ៣ ទី១ មិនទទួលអ៊ុយក្រែនជាសមាជិកថ្មីរបស់អង្គការណាតូ ទី២ អង្គការណាតូត្រូវរំកិលរចនាសម្ព័ន្ធយោធារបស់ខ្លួននៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើតទៅដាក់នៅខ្សែព្រំដែនឆ្នាំ១៩៩៧ និងទី៣ សន្តិសុខរបស់រុស្ស៊ីត្រូវតែទទួលបានការធានា៕ (AP ថ្ងៃទី១៦ ខែកុម្ភៈ)