មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់២នាក់ត្រូវសមត្ថកិច្ចក្របួចជាប់

0
265

មេខ្យល់ ២នាក់ ដែលធ្វើសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ គ្រាដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ២៥នាក់ ក្នុងនោះស្រី១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ។

 


លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានចាត់តាំង លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា ដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែតរួមទាំងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។


ជាក់ស្តែង វេលាម៉ោង ១ម៉៣០នាទី រហូតដល់ ម៉ោង ៣ទៀបភ្លឺ ថៃ្ងទី១០ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតបានជួបមេខ្យល់ ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ហើយមេខ្យល់បានរត់ទៅសំងំក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃ លុះដល់វេលាម៉ោង ៧ថ្ងៃដដែល ត្រូវបានកម្លាំងរាជអវុធហត្ថធ្វើការឃាត់ខ្លួនបា ន ។
សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួនមាន៖ឈ្មោះ.ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងឈ្មោះ ម៉ៃ សៃហុន ប្រុស ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំណែកឯពលករទាំង ២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here