មេបញ្ជាការ​អាមេរិក​បារម្ភថា ​​ចិនអាចរករឿង​នៅអាស៊ី​ប៉ាស៊ីហ្វិក ខណៈបស្ចឹម​លោក​ជាប់​​រវល់​​ជាមួយ​​​​រុស្ស៊ី

0
335

 

ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងឱកាសពិព័ណ៌យន្តហោះនៅសិង្ហបុរី លោក Kenneth Wilsbach មេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បាន​លើកឡើងថា ការដែល​ចិនបានប្រកាសគោលជំហរ គាំទ្ររុស្ស៊ី នៅក្នុង​សំណុំរឿងអ៊ុយក្រែន គឺវាមិនអាចធ្វើមិន​ឲ្យ​គេ​គិតបានទេ អំពី​ចេតនាអាក្រក់ ចង់កេងចំណេញណាមួយរបស់ចិន នៅពីក្រោយ​វិបត្តិនេះ។ លោកលើកឡើងថា គ្រាន់តែចិនបានប្រកាសគាំទ្ររុស្ស៊ី ប្រឆាំងនឹង​ការពង្រីក​សមាជិក​នៃអង្គការ​សម្ព័ន្ធមិត្តណាតូ​ភ្លាម លោក​បាន​យកបញ្ហានេះ ទៅ​ជជែកជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បី​ឆ្វេងយល់អំពីចេតនាពិតប្រាកដរបស់ចិន។ មេបញ្ជាការអាមេរិករូបនេះ បន្ថែមថា គេកំពុងបារម្ភ និងសង្ស័យថា ចិនអាចនឹង​ធ្វើ​សកម្មភាព​អ្វីម្យ៉ាង ដើម្បី​បង្កបញ្ហាដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈពេល​ដែល​ក្រុម​ប្រទេសលោកខាងលិច មានអាមេរិក និង​អឺរ៉ុ​ប កំពុងរវល់ជាប់ដៃដោះស្រាយសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន។ លោក​អះអាងថា វាមិនមែនជារឿងចម្លែកនោះទេ បើចិនធ្វើសកម្មភាពបែបនេះមែន ព្រោះចិនអាច​មាន​បំណងរករឿង ដើម្បីស្ទាបស្ទង់សាក​កម្លាំង​ និងចង់ដឹងប្រតិកម្ម​របស់សហគមន៍អន្តរជាតិ។ គួរបញ្ជាក់ថា ចិនកំពុងមានវិវាទជាមួយប្រទេសអាស៊ីមួយចំនួន ដូចជា ​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង ប្រ៊ុយណេ ដោយ​ចិនបានទាមទារគ្រប់គ្រងអធិបតេយ្យភាព លើដែនទឹកសឹងតែទាំងស្រុង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បន្ថែមពីនេះទៀត ប៉ុន្មានខែមកនេះ ចិនបានដាក់សំពាធកាន់តែខ្លាំងទៅលើតៃវ៉ាន់ តាមរយៈការបញ្ជូន​យន្តហោះចម្បាំទៅ​ក្រវែល លើដែនអាកាសតៃវ៉ាន់ជាញឹកញាប់។ លោក​មេបញ្ជាការ Kenneth Wilsbach បានអះអាងថា កងកម្លាំងលោក​ដែល​ឈរជើងនៅកោះហាវ៉ៃ នឹងមានតួនាទី​ជួរមុខគេ ក្នុងករណី​ចិនហ៊ានបង្កបញ្ហាផ្ទុះអាវុធនៅតំបន់​អាស៊ីប៉ាស៊ីហ្វិក៕ (AP ថ្ងៃទី១៦ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here