ចិនគាំទ្រគំនិតផ្តួចផ្តើមរបស់បារាំង និងអាល្លឺម៉ង់ នៅក្នុងវិបត្តិអ៊ុយក្រែន

0
126

ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​ចិន​លោក ​ស៊ី ជីនពីង​ បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ពុធ ទី១៦ ខែកុម្ភៈ។ នៅ​ក្នុង​កិច្ចសន្ទនា ប្រធានាធិបតី​បារាំង​លោក ​ម៉ាក្រុង និង​សមភាគី​ចិន​លោក ​ស៊ី ជីនពីង ​បាន​យល់ស្រប​គ្នា​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុយក្រែន​ត្រូវ​ឲ្យ​អាទិភាព​លើ​កិច្ចសន្ទនា ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ផ្លូវទូត។ លោក ​ស៊ី ជីនពីង ​បាន​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​គំនិត​ផ្តួចផ្តើម​របស់​បារាំង ​ជាមួយ​អាល្លឺម៉ង់ គឺ​ការ​ចរចា​ក្នុង​ក្របខណ្ឌ​ទម្រង់​ណរម៉ង់ឌី ​ចូលរួម​ដោយ ៤ភាគី គឺ​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន។ កិច្ចចរចា​ទម្រង់​ណរម៉ង់ឌី​ ដែល​បាន​ចាប់​ផ្តើមក្នុង​ខែ​តុលា ឆ្នាំ២០១៥ មាន​គោលដៅ​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ ​រវាង​អ៊ុយក្រែន និង​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​គាំទ្រ​រុស្ស៊ី ​ក្នុង​តំបន់​ដុនបាស់ ​ស្ថិត​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ ក្រៅ​ពី​វិបត្តិអ៊ុយក្រែន កិច្ចសន្ទនា​រវាង​លោក ​ម៉ាក្រុង និង​លោក ​ស៊ី ជីនពីង ​ក៏​បាន​ផ្តោត​លើ​ទំនាក់ទំនងរវាង​បារាំង-ចិន និង​អឺរ៉ុប-ចិន។ អ្វី​ដែល​លោក ​ម៉ាក្រុង ​ទាមទារ​ចង់​បាន​ពី​លោក ​ស៊ី ជីនពីង ​រវាង​អឺរ៉ុប-ចិន គឺ​ទំនាក់ទំនង​ស្មើ​ភាព​មាន​ទៅមាន​មក ពិសេស ​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម។ បន្ទាប់​មក លោក ​ម៉ាក្រុង ​បាន​ស្នើ​ឲ្យ​ចិន​លើក​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លីទុយអានី​ចេញ​វិញ។ ដោយឡែក ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​បារាំង-ចិន លោក ​ម៉ាក្រុង ​ចង់​ឲ្យ​បង្កើន​ចំនួន​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​កាត់​បន្ថយ​ខ្លាំង ​ដោយសារ​វិធានការ​បិទខ្ទប់​របស់​ចិន ​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​កូវីដ១៩។ ចុង​ក្រោយ លោក ​ម៉ាក្រុង ​បាន​រម្លឹក​ពី​ការ​រង់ចាំ​របស់​បារាំង និង​អឺរ៉ុប ​ទាក់ទង​នឹង​ការ​ឲ្យ​សច្ចាប័ន​របស់​ចិន ​លើ​សន្ធិសញ្ញា​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ពិសេស​ ទាក់ទង​នឹង​ការងារ​ដោយ​បង្ខំ និង​ក្តីបារម្ភ​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ស៊ីនជាំង៕ (AP ថ្ងៃទី១៦ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here