ឃុំខ្លួនជនជាតិឡាវពីបទជួញគ្រឿងញៀនជិត១០គីឡូក្រាម

0
422

ខេត្តស្ទឹងត្រែង៖ បុរសជនជាតិឡាវម្នាក់ ដែលនាំគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមចូលកម្ពុជាត្រូវបានតុលាការខេត្តស្ទឹងត្រែងឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២។
ករណីនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ការិយាល័យ(ក៩ )នៃក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កម្លាំងនគរបាល BLO កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៧០១ ប្រចាំព្រំដែនកម្ពុជា បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតបានថ្នាំញៀន ចំនួន១០កញ្ចប់ កាលពីម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភះឆ្នាំ២០២២។


ប្រតិបត្តិការបង្រ្កាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបង្ក្រាបបាន នៅចំណុច ស្ពានទី ២ នៃច្រក របៀងព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជនសង្ស័យឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិឡាវ ។ ក្រោយបង្ក្រាបសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យនិងវត្ថុតាងបទល្មើសគ្រឿងញៀនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួររកអ្នកជាប់ពាក់ព័ន្ធរួចបញ្ជូនទៅតុលាការ។

តាមការធ្វើតេស្តបឋមវត្ថុតាងថ្នាំញៀនឃើញាថាគឺជាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ទប់ធំ មានទម្ងន់ស្មើ ៩.៨៦៦,៥៦ ក្រាម ស្មើនឹងជិត ១០គីឡូក្រាម។

ក្រោយពីបញ្ជូនទៅតុលាការតំណាងអយ្យការបានចោទប្រកាន់បុរសជនជាតិឡាវនោះពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបន្តទៅចៅក្រមស៊ើបសួរ។នៅល្ងាចថ្ងៃទី១៥កុម្ភៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះសន្នឲ្យស្ថិតក្រោមការត្រួតពិនិត្យដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here