ផ្សោតមួយក្បាលនៅអន្លង់ឈើទាលស្លាប់ផុតពូជហើយ

0
231

ខេត្តស្ទឹងត្រែង÷ ផ្សោតមួយក្បាលរងរបួសដោយសារជាប់មងកាលពីកន្លងមកនោះបានស្លាប់ដាច់ពូជទៅហើយ គេប្រទះឃើញនៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីជំនាញជលផលបានឲ្យដឹងថា សពផ្សោតមួយក្បាលនោះត្រូវប្រជានេសាទឈ្មោះ ជា តា ភេទប្រុស អាយុ៥២ឆ្នាំ បានប្រទះឃើញសាកសពផ្សោត អណ្តែតទឹកនៅចំណុចថ្មកាំងក្បាលភូមិកោះល្ង នៅក្បែរកំពង់ទឹករបស់លោក ខាំផន ស៊ីទុន មេភូមិកោះល្ង។

ក្រោយមកក៏បានជូនដំណឹងនេះទៅកាន់ឆ្មាំទន្លេអភិរក្សសត្វផ្សោតអន្លង់ឈើទាលដើម្បីទៅទទួលយកសាកសពផ្សោតរក្សាទុកនៅ ក្បាលកោះល្ង ភូមិកោះល្ង ឃុំ ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រោយពីបានពិនិត្យ និងរៀបចំទុកដាក់សាកសពផ្សោត ឆ្មាំទន្លេក៏បានជូនព័ត៌មានបន្តមកមន្រ្តីទទួលបន្ទុកការងារផ្សោតនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង។

មន្ត្រីជលផលបានឲ្យដឹងថា សត្វផ្សោតដែលស្លាប់នោះមានទំងន់ប្រមាណ ១១០គីឡូក្រាម មានប្រវែង ២៣៤ សង់ទីម៉ែត្រ។

តាមការបញ្ជាក់ពីឆ្មាំទន្លេ មូលហេតុនៃសស្លាប់នេះគឺដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដែលឆ្មាំទន្លេអភិរក្សសត្វផ្សោតបានព្យាយាមជួយសង្រ្គោះដើម្បីដោះមងចេញពីកន្ទុយ តែជួយមិនបានសម្រេចឡើយ។

ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្តែងពីក្រុមអភិរក្សសត្វផ្សោត នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានបញ្ជាក់ឲ្យដឹងច្បាស់ថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុប្រមាណ ២០ឆ្នាំជាង មកដល់ពេលនេះបានស្លាប់ដោយសារការអត់ចំណី ព្រោះកន្ទុយរបស់វារុំជាប់ទៅដោយមងរហែក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាហេតុបណ្តាលឲ្យផ្សោតមួយក្បាលនេះមិនអាចផ្លាស់ទី និង ការដេញចាប់ចំណីដោយប្រើកន្ទុយមិនបានលឿន៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here