រុស្ស៊ី​ថា បានខ្លួន​ត្រៀម​រួចរាល់ ​ដើម្បី​បាញ់ទៅលើ​នាវា​បរទេស​ណា​ ដែលបំពាន​ដែនទឹក​របស់​ខ្លួន

0
294

 

ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​ប្រទេស​រុស្ស៊ី​ បាន​រាយការណ៍​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​បើក​ការ​បាញ់​ប្រហារ​លើ​នាវា ​និង​នាវា​មុជទឹក​បរទេស​ណា ​ដែល​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ លោក Stanislav Gadzhimagomedov អនុ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ​អគ្គ​សេនាធិការ​រុស្ស៊ី​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា ទោះបីជា​យ៉ាង​នេះ​ក្តី ការ​សម្រេច​ចិត្ត​បែប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង ​តែ​នៅ​ក្នុង «កម្រិត​ខ្ពស់​បំផុត» តែ​ប៉ុណ្ណោះ។ ការ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង ​ក្នុង​រយៈពេល ​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​លើកឡើង​ថា នាវា​កងទ័ព​ជើងទឹក​រុស្ស៊ី​បាន​ដេញ​តាម​នាវា​មុជទឹក​របស់​សហរដ្ឋ​អាមេរិក ​នៅក្នុង​ដែនទឹក​របស់​រុស្ស៊ី ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ណា​មួយ ​នៅ​ក្នុង​ដែនទឹក​រុស្ស៊ី​នោះទេ។ ភាព​តានតឹង​រវាង​រុស្ស៊ី ​និង​សហរដ្ឋ​អាមេរិក​កំពុង​កើន​ឡើង​ខ្លាំង ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ព្រមាន​ថា រុស្ស៊ី​អាច​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ណា​មួយ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​ចេតនា​បែប​នេះ​ទេ បើ​ទោះបីជា​ខ្លួន​បាន​បញ្ចូន​ទាហាន​ច្រើន​ជាង ១០០.០០០ នាក់ ​ទៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ ជាង​នេះ​ទៀត រុស្ស៊ី​បាន​ចោទ​ក្រុម​បស្ចិម​ប្រទេស​ថា ​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ពុះ​កញ្ជ្រោល​នេះ​កើតឡើង។ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ដកស្រង់​សម្តី​របស់​លោក Gadzhimagomedov ដែល​បាន​និយាយ​ថា រុស្ស៊ី​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​កង​នាវា​អាមេរិក ​នៅ​ក្នុង​សមុទ្រ​ខ្មៅ (Black Sea) និង​សមុទ្រ​បាល់ទិក (Baltic Sea) ប៉ុន្តែ​មិនមាន​គម្រោង​ធ្វើ​ដូច្នេះ​នោះ​ទេ​ នៅ​ឯ​តំបន់​ចុង​បូព៌ា​នៅ​ពេល​នេះ៕ (Reuters ថ្ងៃទី១៥ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here