អ៊ុយក្រែន​ថា ការ​បញ្ជាឲ្យ​មន្ត្រី​ការទូត​បស្ចិម​ប្រទេស​មួយ​ចំនួន ​ចេញពី​ទីក្រុង​កៀវ ​គឺជា «កំហុស​ឆ្គង»

0
404

 

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វា​ជា​កំហុស​ឆ្គង​ដែល​បស្ចិម​ប្រទេស​មួយ​ចំនួន រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ បានបញ្ជាឲ្យ​មន្ត្រី​ការទូត​របស់ខ្លួន​ចេញ​ពី​រដ្ឋធានី​កៀវ ដោយ​ភ័យខ្លាច​ការ​វាយលុក​របស់​រុស្ស៊ី។ លោក Zelensky បាន​បញ្ជាក់​ថា៖ «នេះ​ជា​កំហុស​ដ៏​ធំ​មួយ ​ដែល​ស្ថានទូត​មួយ​ចំនួន​សម្រេច​ប្ដូរ​ទីតាំង​ទៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន» បន្ទាប់ពី​ស្ថាន​បេសកកម្ម​អន្តរជាតិ​មួយ​ចំនួន ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Lviv។ លោក​បាន​បន្ថែម​ថា៖ «ដោយសារតែ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​ក៏​នៅតែ​ស្ថិត​ក្នុង​ប្រទេស​អ៊ុយក្រែន​ដដែល ដូច្នេះ​បើ​មាន​រឿង​អ្វី​កើតឡើង នោះ​វា​នឹង​កើតឡើង​គ្រប់​ទីកន្លែង​ទាំងអស់»។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​ដែល​បាន​ប្រមូល​ផ្តុំ​កងទ័ព​ជាង ១០០.០០០ នាក់ ​នៅ​តាម​បណ្ដាយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន អាច​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ហើយ​មន្ត្រី​មួយ​ចំនួន​ខ្លាច​មាន​ការ​វាយប្រហារ​ភ្លាមៗ​លើ​រដ្ឋធានី​អ៊ុយក្រែន។ ប្រទេស​មួយ​ចំនួន​បាន​ដក​មន្ត្រី​ការទូត​របស់​ខ្លួន​ចេញ​ពី​រដ្ឋធានី​អ៊ុយក្រែន និង​បាន​ជំរុញ​ពលរដ្ឋ​របស់​ពួកគេ​ឱ្យ​ចាកចេញពី​ប្រទេស​អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើបាន។ សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឱ្យ​បុគ្គលិក​ការទូត​របស់​ខ្លួន​ភាគ​ច្រើន ​នៅ​ក្នុង​ទីក្រុង​កៀវ​ចាកចេញ ហើយ​រក្សា​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Lviv នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយក្រែន។ ចំណែក​ឯ​ប្រទេស​កាណាដា​ និង​ប្រទេស​អូស្ត្រាលី​វិញ ​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង​កៀវ ​ជា​បណ្តោះ​អាសន្ន ដោយ​ប្តូរ​ប្រតិបត្តិការ​ការទូត​របស់​ខ្លួន​ទៅ​ទីក្រុង Lviv វិញ៕ (AFP ថ្ងៃទី១៥ ខែកុម្ភៈ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here