បុរាណវិទូប៉េរូ បានរកឃើញសាកសពម៉ាំមីសម័យមុនចក្រភពអ៊ីងកាន (Incan) ចំនួន ១៤ ឯកតា ដែលត្រូវបានគេជឿថាមានអាយុកាលចន្លោះពី ៨០០ឆ្នាំទៅ ១០០០ឆ្នាំ នៅឯបរិវេណបុរាណដ្ឋាននៃ Cajamarquilla ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងលីម៉ា (Lima) ។
បុរាណវិទូនៃសាកលវិទ្យាល័យជាតិ San Marcos (UNMSM) លោកស្រី យូមីរ៉ា ហ៊ូមេន (Yomira Huaman) ប្រធានទទួលបន្ទុកតំបន់បុរាណវិទ្យា Cajamarquilla បានលើកឡើងថា ក្រុមរបស់លោកស្រីបានរកឃើញថាសាកសពម៉ាំមី(mummy)ចំនួនប្រាំមួយសពគឺជាកូនក្មេងក្រៅពីនោះសុទ្ធតែជាសពមនុស្សពេញវ័យ ក្នុងនោះផងដែរមានសពពីរត្រូវបានបញ្ជាក់ថាជាស្ត្រី។
ស្របគ្នា នេះ បុរាណវិទូជឿថា កុមារ និងមនុស្សពេញវ័យត្រូវបានគេបូជាជាកិត្តិយសដល់ឥស្សរជនដ៏លេចធ្លោម្នាក់នៅក្នុងតំបន់ ដូច្នេះពួកគេអាចបម្រើជាអមដំណើរម្ចាស់ពួកគេជាតិក្រោយ។
បន្ថែមពីនេះ បើតាមបុរាណវិទូនិងសាស្ត្រាចារ្យនៅ UNMSM លោក Pieter Van Dalen Luna ប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៣ ថា «មនុស្សក្នុងសង្គមអានឌីន(Andine) ជឿថាបន្ទាប់ពីស្លាប់ មនុស្សមិនបាត់ទៅវិញទេ។ សេចក្តីស្លាប់មិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើម ការផ្លាស់ប្ដូរទៅកាន់ពិភពលោកថ្មីស្របគ្នា»។
ជាពិសេស លោកបន្តថា ការបូជាជីវិតមនុស្សគឺជាផ្នែកមួយនៃពិធីបុណ្យសពរបស់ឥស្សរជន ដើម្បីកិត្តិយសរបស់ឥស្សរជនរូបនោះ។ សាកសពពួកគេត្រូវបានគេដាក់នៅច្រកចូលផ្នូរ ដើម្បីឱ្យពួកគេអាចទៅជាមួយម្ចាស់របស់ពួកគេក្នុងដំណើរជាតិក្រោយ។
គួរបញ្ជាក់ថា សាកសពម៉ាំមីត្រូវបានរកឃើញអមដោយវត្ថុផ្សេងៗទៀតដូចជា ឆ្នាំងធ្វើពីសេរ៉ាមិច គ្រឿងតុបតែងលម្អ ប្រដាប់ប៉ាក់ និងសំណល់រុក្ខជាតិ៕