មន្ត្រីនាំពាក្យ៖ បំភ្លឺជុំវិញតុលាការធ្វើលិខិតអញ្ជើញអភិបាលស្រុក និងមេឃុំប្រាសាទ ពាក់ព័ន្ធករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣

0
337

(ខេត្តបន្ទាយមានជ័យ)៖ ករណីទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ នៅក្នុងខេត្តបន្ទាយមានជ័យ បានឈានដល់ការកោះអញ្ជើញអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និងមេឃុំប្រាសាទ លោក មាស ហ៉ឹក ពីសំណាក់អយ្យការសាលាដំបូងខេត្ត ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ លោក សេក សុខុម មន្ត្រីនាំពាក្យរដ្ឋបាលខេត្ត ចេញមុខបំភ្លឺជុំវិញករណីដ៏រសើបខាងលើនេះ…។

យោងតាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានអញ្ជើញឱ្យចូលខ្លួនបំភ្លឺ នៅម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងលិខិតអញ្ជើញចុះថ្ងៃទី៩ ខែកុម្ភៈ ដូចគ្នាតម្រូវឱ្យលោក មាស ហ៊ឹក មេឃុំប្រាសាទចូលខ្លួនបំភ្លឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២រសៀល។ ការកោះអញ្ជើញនេះដែរ ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងការទន្ទ្រានយកដីនៅតាមបឹងទន្លេសាប។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្ត ខាងលើពន្យល់ថា ការកោះអញ្ជើញរបស់តុលាការនៅពេលនេះ ក៏ព្រោះតែមានដីខ្លះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ មានជាប់ពាក់ព័ន្ធលើការចុះហត្ថលេខាលើលិខិតស្នាមមួយចំនួន ក្នុងអំឡុងពេលលោកកាន់តួនាទីជាអភិបាលស្រុក ប៉ុន្តែមិនមែនជាករណីដីការកោះដូចមានការចុះផ្សាយ កន្លងមកនោះឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា « ករណីលោក ឃូ ពៅ និងលោកមាស ហ៊ឹក មេឃុំប្រាសាទ គឺជាការអញ្ជើញរបស់តុលាការទៅបំភ្លឺប៉ុណ្ណោះ មិនមែនដីការកោះ ដូចការចុះផ្សាយកន្លងមកនោះទេ។ ខ្ញុំអាចជម្រាបបានថា សម្រាប់ខេត្តបន្ទាយមានជ័យ មានពីរករណីដែលត្រូវបានតុលាការសម្រេចឃុំខ្លួន គឺទី១.លោកឯម ណុយ អតីតមេឃុំភ្នំលៀបម្នាក់ និងម្នាក់ទៀតជាមន្ត្រីអាជ្ញាធរទន្លេសាប ប៉ុន្តែគេឃាត់ខ្លួនឆែកឆេរទៅឃើញគាត់មានកាតអ្នកសារព័ត៌មានទៅវិញ។ ក្រៅពីនោះ មានមន្ត្រីយោធាម្នាក់ល្បីថាគាត់មានដី៦០០ហិកតា តែពេលពិនិត្យជាក់ស្តែង គឺមានត្រឹម១០០ហិកតាទេ និងបានប្រគល់ជូនរដ្ឋវិញអស់ហើយ បូករួមជាមួយប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។»

គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តបន្ទាយមានជ័យ មានការពាក់ព័ន្ធនឹងការឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់៣ ពីក្រុមជនខិលខូចមួយចំនួនមានទំហំជាង១២០០០ហិកតា(មួយម៉ឺនពីរពាន់ហិកតា) ក្នុងស្រុកចំនួន២ គឺស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។ ប៉ុន្តែបើតាមការបំភ្លឺពីអភិបាលរងខេត្ត ក្នុងអំឡុងពេលមកចូលរួមធ្វើជាវាគ្មិននៅទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា ការទន្ទ្រានដីព្រៃលិចទឹកនៅខេត្តបន្ទាយមានជ័យ មានទំហំត្រឹម៥ពាន់ហិកតាប៉ុណ្ណោះ។ ជាមួយគ្នានោះ អាជ្ញាធរបានប្រមូលយកដីទាំងនោះមកវិញ និងបានយកកូនឈើ និងរុក្ខជាតិមួយចំនួនទៅដាំដុះលើដីកាប់ទន្ទ្រានទាំងនោះបាន៨០ភាគរយហើយ បើគិតមកទល់បច្ចុប្បន្ន..៕

LEAVE A REPLY

Please enter your comment!
Please enter your name here