ស្ត្រីម្នាក់មិនអនុញ្ញាតឲ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ ហើយបានរាយការណ៍ជាមុនដល់អាជ្ញាធរមូលដ្ឋាន ដើម្បីចុះយកសំណាក និងធ្វើតេស្តភ្លាមៗ ជាលទ្ធផលគឺបុរសជាប្តីមានវិជ្ជមានកូវីដ១៩។
ក្នុងស្ថានភាពដ៏តឹងតែងមួយនេះ តើមានមនុស្សស្រីប៉ុន្មាននាក់ដូចជាគាត់ដែលសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួមជួយដល់សង្គមជាតិ? សុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដោយបានរាយការណ៍ជូនអាជ្ញាធរក្នុងមូលដ្ឋានជាមុន
ដើម្បីធ្វើការទប់ស្កាត់ជាបន្ទាន់ កុំឲ្យមានការរាលដាលនៅក្នុងស្រុកភូមិ បងស្រីម្នាក់ដែលជាប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ មិនអនុញ្ញាតឲ្យប្តីដែលមកពីឆ្ងាយចូលក្នុងផ្ទះនោះឡើយ។
យ៉ាងណា ក្រលែកទៅមើលរូបភាពរបស់គាត់ អារម្មណ៍ និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថាប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩។
នេះអាចបង្ហាញបានថា គ្មានប្រពន្ធណាដែលមិនស្រលាញ់ប្តី និងគ្រួសាររបស់ខ្លួននោះទេ។ តែនៅក្នុងពេលនេះ ការលះបង់ក្តីសុខផ្ទាល់ខ្លួន គឺពិតជាការចូលរួមចំណែកយ៉ាងល្អបំផុតសម្រាប់ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព។
នេះជាទង្វើដ៏សែនគម្រូ នៅក្នុងស្ថានការណ៍ដ៏តឹងតែងនេះ ព្រោះថាប្រសិនបើបងស្រីមិនបានរាយការណ៍ជូនអាជ្ញាធរជាមុនទេ ទម្រាំតែដឹងប្រហែលជាយឺតពេលមួយជំហានបាត់ទៅហើយ អាចនាំឱ្យភូមិទាំងមូលត្រូវបានបិទ និងរំខានដល់មនុស្សរាប់ពាន់នាក់ទៀតផងក៏មិនដឹង។ នេះជាការបង្ហាញអារម្មណ៍ពិតៗ របស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់។
លោកសង្ឃឹមដែរថា អ្នកបន្ទាយស្រីដទៃទៀត នឹងយកគំរូតាមបងស្រី ដើម្បីជួយការពារបន្ទាយស្រីឱ្យរួចផុតពីការផ្ទុះឆ្លងនៅក្នុងសហគមន៍៕
ដោយ :ដំរី