លោក Trump និយាយថា លោកកំពុងទាក់ទងជាមួយលោក Kim របស់កូរ៉េខាងជើង

0
142

 

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សហការីថា លោកនៅតែទាក់ទងជាមួយមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាប់តាំងពីលោកចាកចេញពីសេតវិមាន នេះបើយោងតាមរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី10 ខែកុម្ភៈ ចំពេលមានភាពតានតឹងលើការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។ អ្នករាយការណ៍លោកស្រី Maggie Haberman របស់ New York Times បានប្រាប់ CNN ថា “ដូចដែលយើងដឹងហើយ គាត់មានការដោះស្រាយលើទំនាក់ទំនងនេះ”។ ការបញ្ចេញឲ្យដឹង​នេះ ​មាន​នៅ​ក្នុង​សៀវភៅ​​របស់លោកស្រី ​ស្តី​ពី Trump ដែលមានចំណងជើងថា The Confidence Man ។ លោក Trump បានប្រកាសកាលពីឆ្នាំ2018 ថា លោក និងលោក Kim “ធ្លាក់ក្នុងអន្លង់ស្នេហ៍” បន្ទាប់ពីបានផ្លាស់ប្តូរសំបុត្រ ប៉ុន្តែកិច្ចប្រជុំ បីលើក ជាមួយមេដឹកនាំកូរ៉េខាងជើងបានបរាជ័យ ក្នុងការបញ្ចុះបញ្ចូលលោក Kim ឱ្យបោះបង់គ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីល។ លោកស្រី Haberman បាននិយាយថា ការអះអាងរបស់លោក Trump មិនអាចផ្ទៀងផ្ទាត់បានទេ ហើយប្រហែលជាមិនពិត។ លោកស្រីបានបន្ថែមថា លោក Kim គឺជាមេដឹកនាំបរទេសតែមួយគត់ ដែលលោក Trump បាននិយាយថា គាត់នៅតែមានការទាក់ទងជាមួយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ហើយនៅពេលសួរថា តើខ្លួនដឹងពីទំនាក់ទំនងបែបនេះទេ ហើយសេតវិមានមិនបានឆ្លើយតបភ្លាមៗទេ។ តំណាង​របស់​លោក Trump ក៏​មិន​បានឆ្លើយតប​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដែរ។ រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden បានជំរុញម្តងហើយម្តងទៀត ឱ្យវិលត្រឡប់ទៅរកការសន្ទនា ជាមួយកូរ៉េខាងជើង ប៉ុន្តែបានជៀសវាងការជំរុញឱ្យមានកិច្ចពិភាក្សាការទូតដោយអនុគ្រោះដល់ការភ្ជាប់ទំនាក់ទំនងកម្រិតទាបជាមុនសិន។ លោក Biden បានហៅលោក Kim ថា ជា “ចោរ” ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2020 របស់លោក ប៉ុន្តែបាននិយាយថា លោកនឹងសុខចិត្តជួបលោក Kim ក្រោមលក្ខខណ្ឌត្រឹមត្រូវ ប្រសិនបើលោកយល់ព្រមពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ បើទោះជាលោក Trump មានទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយលោក Kim ក៏ដោយ ក៏ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានធ្លាក់ចុះ បន្ទាប់ពីការបែកបាក់នៃកិច្ចប្រជុំកំពូលឆ្នាំ2019 នៅទីក្រុងហាណូយ ហើយទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងមិនចូលរួមបន្ថែមទៀតទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ទម្លាក់ចោលគោលនយោបាយអរិភាព។ ការបាញ់សាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំង មីស៊ីលផ្លោងរយៈចម្ងាយមធ្យមជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 បានបង្កើនការភ័យខ្លាចថា កូរ៉េខាងជើងអាចនឹងកំពុងរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់ការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប និងគ្រាប់បែកនុយក្លេអ៊ែរ ដែលខ្លួនមិនបានធ្វើឡើង ចាប់តាំងពីឆ្នាំ២០១៧ មក៕(Reuters ថ្ងៃទី១១ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here