បើដឹងអបិយជំនឿផ្សេងៗនៅ ១០ប្រទេសនេះ លោកអ្នកនឹងភ្ញាក់ផ្អើលមិនខាន

0
172

មនុស្សភាគច្រើនយ៉ាងហោចណាស់ ក៏មានអំបិយជំនឿមួយនៅក្នុងខ្លួនដែរ ហើយនៅតាមប្រទេសនីមួយៗមានប្រពៃណី វប្បធម៌ និងអបិយជំនឿផ្សេងៗ ឬអាចមានខ្លះដូចគ្នាក៏ថាបាន ។ តួយ៉ាង មានអបិយជំនឿមួយចំនួននៅ ១០ ប្រទេសខុសគ្នាដែលប្រជាជននៅក្នុងប្រទេសនោះនៅតែមានជំនឿលើវា តួយ៉ាងមានដូចជា៖
១. នៅប្រទេសរូស្សី
១.១ ដាក់ដបទឹកទទេនៅលើដី
ការដាក់ដបទឹកទទេ ឬដបអ្វីមួយនៅលើផ្ទៃដី ឬផ្ទៃទាបរាបស្មើ ត្រូវបានគេសន្មត់ថាជារឿងនាំសំណាងល្អនៅក្នុងប្រទេសរូស្សី ។ អបិយជំនឿនេះ ត្រូវបានជឿតៗគ្នាពីរឿងមួយពាក់ព័ន្ធនឹងទាហានរូស្សីនៅក្នុងស.វទី១៩ ។
យោងតាមកាសែត Moscow Times បានរៀបរាប់ថានៅពេលទាហានរូស្សីឈរជើងនៅបារាំង ពួកគេអាចសន្សំប្រាក់បានពីការចំណាយលើការទិញស្រាដោយសារលាក់ដបស្រាទទេរបស់ពួកគេនៅក្រោមដី ជាជាងទុកនៅលើតុ ស្របពេលដែលពួកគេនឹងត្រូវបង់ប្រាក់ពិន័យប្រសិនបើរកឃើញថាមានដបស្រានៅជាប់ខ្លួន ។

១.២ ផ្កាពណ៌លឿង
ការជូនផ្កាទៅកាន់នរណាម្នាក់ជាកាដូ គឺជាប្រពៃណីដ៏សម្បូរបែបមួយនៅទូទាំងសកលលោក រួមទាំងនៅប្រទេសរូស្សីផងដែរ តែទោះជាយ៉ាងណា វាពិតជាមានសារសំខាន់ណាស់ ក្នុងការជ្រើសរើសប្រភេទផ្កាជាតំណាងឱ្យអ្វីមួយ មុននឹងជូនទៅកាន់នរណាម្នាក់ នាឱកាសណាមួយ ។
មនុស្សភាគច្រើននៅប្រទេសរូស្សីជឿជាក់ថា ផ្កាពណ៌លឿង ជាផ្កាតំណាងឱ្យការបែកបាក់ ភាពមិនស្មោះត្រង់ និងសេចក្តីស្លាប់ ។ ហេតុនេះ មនុស្សម្នាតែងតែជៀសវាងផ្កាពណ៌នោះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះមនុស្សដែលគេចង់ជូនផ្កាឱ្យ។

២. នៅសហរដ្ឋអាម៉េរិក
ការគោះឈើ
ប្រជាជននៅសហរដ្ឋអាម៉េរិក តែងតែប្រើពាក្យ គោះឈើ សម្រាប់តំណាងឱ្យសំណាងអាក្រក់ តែយ៉ាងណាអបិយជំនឿនេះដើមឡើយមានដើមកំណើតចេញពីប្រទេសប៉ែកអ៊ឺរ៉ុប ។
អំឡុងយុគសម័យកណ្តាល (Medieval period) ព្រះវិហារជាច្រើនបានអះអាងថាមានចំណែកនៃឈើឆ្កាងរបស់ព្រះយេស៊ូនៅក្នុងព្រះវិហាររៀងៗខ្លួន ។ ក្រោយមកព្រះវិហារក៏ប្រកាសជាផ្លូវការថាការគោះឈើ នឹងនាំមកនូវសំណាងល្អ នេះបើយោងតាមសារព័ត៌មាន Yahoo ។

៣. នៅប្រទេសប៉ែកអ៊ឺរ៉ុប
៣.១ ដើរថយក្រោយ នៅប្រទេសព័រទុយហ្គាល់
ប្រជាជនមួយចំនួននៅប្រទេសព័រទុយហ្គាល់ជឿជាក់ថា ការដើរថយក្រោយ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដើរជាមួយនឹងពពួកបិសាចអារក្សជាដើម ។ វាត្រូវបានគេចាត់ទុកថាជារឿងនាំសំណាងអាក្រក់បំផុត ពីព្រោះវាបណ្តាលឱ្យពពួកបិសាចអារក្សអាចដឹងថាអ្នកកំពុងតែនៅកន្លែងណា និងថាតើអ្នកនឹងត្រូវទៅណាជាមិនខាន ។

៣.២ និយាយពាក្យ ‘rabbit’ មានន័យថា “ទន្សាយ” នៅថ្ងៃទី១ នៃខែណាមួយ នៅចក្រភពអង់គ្លេស
អបិយជំនឿនេះ នៅចក្រភពអង់គ្លេស បានជឿថាជារឿងនាំសំណាងល្អដែលត្រូវបានជឿតៗគ្នាជាង ២០០០ ឆ្នាំមកហើយ ដោយយោងតាមសារព័ត៌មាន NPR ថ្វីបើវាទើបតែមានក្នុងកំណត់ត្រានៅក្នុងប្រទេសអង់គ្លេសនៅស.វទី១៩ ក៏ដោយ ។
បើយោងតាមរឿងនិទានវិញ ប្រសិនបើពាក្យដំបូងដែលអ្នកនិយាយនៅថ្ងៃដើមខែ ថា “rabbit rabbit” នោះលោកអ្នកនឹងមានសំណាងល្អពេញមួយខែនោះតែម្ដង ។ មួយវិញទៀត ប្រសិនបើអ្នកភ្លេច មិនបាននិយាយពាក្យវេទមន្តនេះនៅពេលព្រឹកទេ អ្នកក៏អាចនិយាយពាក្យថា tibbar tibbar” (ពាក្យត្រឡប់ rabbit) មុនពេលអ្នកចូលគេងក៏បានដែរ ។

៣.៣ បើកឆ័ត្រចោលនៅក្នុងផ្ទះ
នៅពេលអបិយជំនឿមួយចំនួន អ្នកខ្លះគិតថាជារឿងគួរឱ្យអស់សំណើច តែជំនឿខ្លះមើលទៅទំនងគួរតែអនុវត្តតាមដែរ ។ ជាក់ស្តែង អ្នកមិនគួរបើកឆ័ត្រចោលនៅក្នុងផ្ទះឡើយ វាមិនមែនដោយសារតែវានាំសំណាងអាក្រក់នោះឡើយ ក៏ប៉ុន្តែវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ ។
មានប្រភពមួយដែលនាំឱ្យអបិយជំនឿមួយនេះបានចាប់ផ្តើមឡើង ។ ការណែនាំឱ្យប្រើប្រាស់ឆ័ត្រមេកានិចបានកើតឡើងនៅចក្រភពអង់គ្លេសក្នុងសម័យកាលវ៉ិចតូរៀរ ។ ម៉ូតទី១របស់វាត្រូវបានផលិតឡើងជាមួយបង្គោលដែករឹង ដែលនៅពេលយើងបើកវានៅក្នុងបរិវេណផ្ទះ វាអាចបណ្តាលឱ្យមុត ឬចាក់កែវភ្នែកក៏ថាបាន ។ ខណៈដែលវាអាចជារឿងនាំហេតុ អបិយជំនឿនេះក៏មាននៅក្នុងសម័យកាលអេហ្ស៊ីបបុរាណផងដែរ បើទោះបីជានៅគ្រានោះឆ័ត្រត្រូវបានបង្កើតឡើងពីស្លាបសត្វ និងលំពែងក៏ដោយ ព្រោះដើម្បីបាំងកម្តៅថ្ងៃ មិនមែនបាំងទឹកភ្លៀងទេ ។ អ្នកដែលមានឆ័ត្រប្រើត្រូវ ហាមមិនឱ្យបើកវានៅក្នុងផ្ទះដែលមិនរងកម្តៅថ្ងៃឡើយ ហើយវាត្រូវបានគេចាត់ទុកថា ជាការប្រឆាំងនៅព្រះអាទិត្យ និងអាចនាំឱ្យមានអ្នកដាក់បណ្តាសារអ្នកផងក៏ថាបាន ។

៤. នៅប្រទេសប្រេស៊ីល
នៅប្រទេសប្រេស៊ីល ប្រជាជនជឿជាក់ថា ដាក់កាបូបលុយរបស់លោកអ្នកនៅលើដី វានឹងនាំឱ្យអ្នកជួបនូវវិបត្តិផ្នែកហិរញ្ញវត្ថុជាមិនខាន។ អបិយជំនឿនេះ ក៏ល្បីល្បាញនៅបណ្តាប្រទេសអាម៉េរិកខាងត្បូង រួមទាំងភីលីពីនផងដែរ ។
ស្រដៀងគ្នាទៅនឹងប្រទេសចិន ដោយប្រជាជនចិន ជាទូទៅតែងប្រើប្រយោគមួយថា ទុកកាបូបនៅលើឥដ្ឋការ៉ូ នាំឱ្យលុយចេញក្រៅផ្ទះ (a purse on the floor is money out the door) ជាការប្រមានចំពោះការមិនចេះឱ្យតម្លៃទ្រព្យសម្បត្តិ ។ វាប្រហែលជាប្រភពដើមចេញមកពីគំនិតនៃការដាក់លុយនៅលើដី ឬលើផ្ទៃទាប ដែលមានន័យថាខ្ជៈខ្ជាយ និងមិនឱ្យតម្លៃលុយជាដើម ។

៥. នៅប្រទេសទួគី
ទំពារស្គរកៅស៊ូនៅពេលយប់
ប្រជាជនមួយចំនួននៅប្រទេសទួគី បន្ទាប់ពីព្រះអាទិត្យបានលិចបាត់ទៅហើយនោះ គឺមិនឱ្យទំពារស្ករកៅស៊ូជាដាច់ខាត ។ យោងតាមមនុស្សចាស់ៗនៅទួគី បាននិយាយថា នៅពេលមនុស្សម្នាក់ទំពារស្ករកៅស៊ូពេលយប់ វានឹងប្រែក្លាយទៅជាហេតុអាចនាំឱ្យមានការសេចក្តីស្លាប់របស់សាច់ញាតិខ្លួន ។ ជាលទ្ធផល ប្រជាជនទួគី តែងផ្តល់ដំបូន្មានជាពិសេសមិនឱ្យញ៉ាំស្ករកៅស៊ូនៅពេលយប់ឡើយ ។

៦. នៅប្រទេសចិន
លេខ ៤
លេខ “៤” នៅប្រទេសចិនជាទូទៅត្រូវបានចាត់ទុកថាជាលេខអពមង្គល ។ ប្រជាជនមួយចំនួននៅប្រទេសចិន នឹងគេចចេញពីអ្វីដែលមានជាប់ពាក់ព័ន្ធនឹងលេខ ៤ ។ ហេតុអ្វីក៏ជាលេខ ៤? ការបញ្ចេញសំឡេងលេខ “៤” ក្នុងភាសាចិន ស្រដៀងនឹងពាក្យ “ស្លាប់” ដែរ ។ ហេតុនេះ វាបាននាំឱ្យមនុស្សជាច្រើនជឿថាលេខនេះ ជាសញ្ញាណនៃសំណាងអាក្រក់ ។

៧. ប្រទេសអេហ្ស៊ីប
៧.១ បើកកន្តៃ្រចោល ដោយមិនកាត់អ្វីសោះ!
នៅប្រទេសអេហ្ស៊ីប មានអបិយជំនឿជាច្រើនពាក់ព័ន្ធនឹងកន្ត្រៃ ដែលអ្នកជឿនៅតែប្រកាន់ខ្ជាប់៖ វាត្រូវបានគេចាត់ទុកថាជាការនាំសំណាងអាក្រក់ដែលបើកកន្ត្រៃ ហើយបិទវិញ ក្នុងករណីដែលអ្នកមិនបានកាត់អ្វីសោះ ។ វាស្រដៀងគ្នាទៅនឹងការទុកកន្ត្រៃបើកចោល ដែលជាការនាំមកនូវភាពអពមង្គល ។ ហេតុនេះ ប្រសិនបើលោកអ្នកទៅដល់អេហ្ស៊ីប អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកន្ត្រៃ ។

៧.២ សត្វឆ្មាខ្មៅ ដើរកាត់ផ្លូវរបស់អ្នក
សត្វឆ្មា ជាសត្វដែលមនុស្សលោកស្រឡាញ់ចូលចិត្តចិញ្ចឹមមកជាច្រើនរយឆ្នាំតាំងពីជំនាន់សម័យបុរាណ រួមមានទាំងប្រទេសអេហ្ស៊ីប ក្រិក ជាដើម ។ល។ ក៏ប៉ុន្តែ បើមានឆ្មាខ្មៅណាមួយដើរកាត់ផ្លូវរបស់អ្នក នោះអាចមានន័យថានឹងមានសំណាងមិនល្អណាមួយអាចកើតឡើង ។
អបិយជំនឿនេះ ក៏មាននៅសហរដ្ឋអាម៉េរិក ដែលទំនងជាចាប់ផ្តើមឡើងនៅអំឡុងឆ្នាំ១៦៩២ សម័យ Puritan witch hunts ជាពេលគេដាក់ទោសមេធ្មប់នៅរដ្ឋ Massachusetts ។ វាត្រូវបានគេជឿថា ពពួកមេធ្មប់ អាចប្រាស្រ័យទាក់ទងជាមួយនឹងសត្វណាមួយ ដើម្បីការងាររបស់ពួកគេ ហើយសត្វឆ្មាគឺជាមេសត្វមួយដែលធ្វើការលើរឿងនោះ ។ សត្វឆ្មាពណ៌ខ្មៅ ត្រូវបានគេគិតថាជាសត្វគួរឱ្យខ្លាច ជាសត្វអាក្រក់ប្រដូចនឹងពពួកបិសាចអារក្សដែរ ។ ហេតុនេះ ការពើបប្រទះនឹងសត្វឆ្មាខ្មៅ អាចបានន័យថាមានបិសាចអារក្សកំពុងតែមើលមកកាន់អ្នក ។

៨. ប្រទេសកូរ៉េខាងត្បូង
គេង ជាមួយនឹងការបើកកង្ហារវិល
មនុស្សមួយចំនួននៅប្រទេសកូរ៉េ មានការភ័យខ្លាចចំពោះការគេងនៅក្បែរកង្ហារ ។ ពាក្យ “Fan Death” មានន័យថា “កង្ហារមរណៈ” ត្រូវបានចែកចាយតៗគ្នានៃប្រជាជនកូរ៉េទូទាំងប្រទេស ។ ជាលទ្ធផល ប្រជាជនកូរ៉េជាច្រើន នឹងមិនគេងនៅក្បែរកង្ហារ ឬគេងនៅក្នុងបន្ទប់ដែលមានកង្ហារបើកនោះឡើយ ។ ម្យ៉ាងវិញទៀត វាត្រូវបានគេជឿជាក់ថា ការគេងជាមួយនឹងកង្ហារបើកក្នុងពេលយូរនឹងបណ្តាលឱ្យថយចុះកម្តៅ បាត់បង់ជាតិទឹកក្នុងរាងកាយ និងកើតរោគស្ទះ ឬថប់ដង្ហើមជាដើម ។

៩. នៅប្រទេសមិកស៊ីកូ
សត្វស្លាបហើរចូលក្នុងផ្ទះរបស់អ្នក
មានរឿងមួយនិយាយពីប្រពន្ធចំណាស់ម្នាក់ និយាយថាបើមានសត្វស្លាបហោះហើរចូលក្នុងផ្ទះអ្នក គឺជាសញ្ញាអាក្រក់ ជាពិសេសគឺប្រសិនបើសត្វនោះហោះវិលជុំវិញបន្ទប់ ហើយទំលើកៅអីរបស់នរណាម្នាក់ មុននឹងហោះហើរចេញទៅវិញ ។ គេបានចាត់ទុកថា ម្ចាស់កៅអីនោះអាចនឹងជិតស្លាប់ក៏ថាបាន ។ ប្រផ្នូលមរណភាពនៃការហោះហើររបស់សត្វ ត្រូវបានរកឃើញនៅក្នុងប្រទេសមិកស៊ីកូ និងរឿងព្រេងនិទានការ៉ាប៊ីន (Caribbean folklore) ដែលនិយាយថា វាគឺជាសត្វ Witch Moth នៃអំពើអាបធ្មប់ ខ្មែរយើងស្គាល់ថាសត្វមេអំបៅបិសាច ក៏ជាសត្វស្លាបរាត្រីចផងដែរ ។

១០. នៅប្រទេសវៀតណាម
នៅក្នុងប្រទេសវៀតណាម ការថែរក្សាស្បែក និងសម្រស់ គឺស្ទើរតែជឿថាមានពាក់ព័ន្ធជាមួយនឹងវិញ្ញាណអាក្រក់ ។ អ្នកមិនគួរចូលគេងទាំងផ្ទៃមុខនៅជាប់ជាមួយនឹងក្រេមម្សៅនោះឡើយ បើមិនដូច្នេះទេ ពពួកខ្មោចព្រាយបិសាច អាចនឹងគិតថាអ្នកជាអមនុស្សក្នុងចំណោមពួកគេមិនខាន ។
វាក៏ល្អផងដែរ ក្នុងការចៀសវាងធ្វើការងារកំប៉ិចកំប៉ុកណាមួយនៅផ្ទះក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ។ បោកគក់ ឬក៏សំអាតផ្ទះនៅក្នុងថ្ងៃពិសេសអាចជាការលាងជំរៈសំណាងល្អណាមួយចេញពីក្នុងគ្រួសារក៏ថាបាន ។
តើវាមិនមែនជាអបិយជំនឿអាក្រក់អីនោះទេ ត្រូវទេ បើគេហាមមិនឱ្យធ្វើកិច្ចការផ្ទះនោះ…?

ប្រភព : SBM

LEAVE A REPLY

Please enter your comment!
Please enter your name here