ចក្រភពអង់គ្លេសបានបញ្ជាឲ្យកងទ័ព ១.០០០ នាក់ ត្រៀមខ្លួនសម្រាប់ការគាំទ្រក្នុងករណីមានវិបត្តិមនុស្សធម៌ណាមួយ ដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី មុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Boris Johnson ដើម្បីជួបជាមួយមេដឹកនាំអង្គការណាតូ និងទៅប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍។ លោក Johnson បានធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល និងវ៉ាសូវី ដើម្បីបញ្ជាក់ពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍របស់អង្គការណាតូ និងពិភាក្សាអំពីវិធីដែលចក្រភពអង់គ្លេសអាចផ្តល់ការគាំទ្រផ្នែកយោធា ខណៈដែលរុស្ស៊ីដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីដើមសប្តាហ៍នេះ ហើយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងជួបផ្ទាល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក នៅសន្និសីទសន្តិសុខទីក្រុង Munich នៅសប្តាហ៍ក្រោយ។ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកលោក។ លោក Johnson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ចក្រភពអង់គ្លេសនៅតែមិនផ្លាស់ប្តូរការប្តេជ្ញាចិត្ត ចំពោះសន្តិសុខអឺរ៉ុបឡើយ។ ក្នុងនាមជាសម្ព័ន្ធមិត្ត យើងត្រូវកំណត់ព្រំដែនឲ្យច្បាស់លាស់ ហើយត្រូវធ្វើឲ្យប្រាកដថា មានគោលការណ៍ដែលយើងនឹងមិនសម្របសម្រួល»។ ចក្រភពអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ជូនទាហាន ចំនួន ៣៥០ នាក់បន្ថែមទៀត ទៅកាន់ប្រទេសប៉ូឡូញ បន្ទាប់ពីខ្លួនបានបញ្ជូនទាហានចំនួន ១០០នាក់ កាលពីឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅព្រំដែន ជាមួយប្រទេសបេឡារុស៕ (Reuters ថ្ងៃទី១១ ខែកុម្ភៈ)