សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ

0
353

វិចារណកថា

សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ

ចាប់ពីថ្ងៃទី ១០-១៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដែលនៅក្នុងឱកាសនោះ មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ និងត្រូវកើតឡើងនោះគឺ ការប្រគល់ជាផ្លូវការពានរង្វាន់សន្តិភាពស៊ុន ហាក់ឆ្នាំ ២០២២ លើកទី ៥ ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូងនៅពេលនេះ ក៏ដើម្បីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ” , ជួបប្រជុំជាមួយឯកឧត្តម មូន ជេអីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងការអនុញ្ញាតឲ្យលោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ព្រមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនទៀតផង ។

ប្រជាជនកម្ពុជា​ ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះថ្នាក់ដឹកនាំមួយរូបដែលជាមគ្គុទេសក៏ឆ្នើមរបស់ជាតិ បានទទួលពានរង្វាន់នេះ​ ពីព្រោះថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក  ត្រូវបានបង្កើតឡើង និងប្រគល់ជូនចំពោះបុគ្គល និងស្ថាប័ន ដែលបានបម្រើដល់មនុស្សជាតិ ជាគំរូមួយក្នុងការធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ ។ ចំពោះការប្រគល់ពានរង្វាន់សន្តិភាពនេះ​ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន គឺពិតជាការទទួលស្គាល់នូវភាពជាអ្នកដឹកនាំដ៏អស្ចារ្យ និងប្រកបដោយភាពឈ្លាសវៃ ជាបុគ្គលឆ្នើមបំផុតរបស់សម្តេចតេជោក្នុងការចូលរួម ដើម្បីបង្កើតឡើង និងការការពារបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ ។

គួរបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ( The Sunhak Peace Prize ) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ។ នៅក្នុងនោះពានរង្វាន់ពិសេសរបស់ស្ថាបនិកនៃពានរង្វាន់ស៊ុនហាក់ (The Sunhak Peace Prize  Founders’ Award )ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២០ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែល​បានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងភាពសុខដុមសកលទាក់ទិនទៅដល់ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលទី២ ដែលទទួលបានពានរង្វាន់ពិសេសរបស់ស្ថាបនិកនៃពានរង្វាន់ស៊ុនហាក់ បន្ទាប់ពីលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលនៅឆ្នាមំ២០២១ ។

សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសនេះ គឺសម្តេចបានលះបង់អ្វីៗសព្វបែបយ៉ាង ទាំងអាយុជីវិតរបស់សម្តេច ទាំងក្រុមគ្រួសាររបស់សម្តេច ដើម្បីគោលដៅតែមួយគត់ គឺការពារជីវិតមនុស្សជាតិ​ ការកសាងសន្តិភាពសម្រាប់មនុស្សជាតិ និងការអភិវឌ្ឍដើម្បីមនុស្សជាតិ ។ ជាក់ស្តែង ក្នុងពេលដែលប្រទេសកម្ពុជា​ ធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការយកអាយុជីវិតទៅប្តូរ ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបដ៏ព្រៃផ្សៃនេះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩  ។  រំដោះប្រទេសបានហើយ សង្គ្រោះអាយុជីវិតប្រជាជនបានហើយ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់សង្គ្រាម បញ្ចប់សោកដនាកម្ម ការនិរាសព្រាត់ប្រាស់ និងក្តីឈឺចាប់របស់ប្រជាជនកម្ពុជា ដែលឆ្លងតាមកិច្ចចរចាដ៏លំបាកស្មុគស្មាញក៏បានឈានទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ ផ្តើមចេញពីនេះ ការបោះឆ្នោតតាមរបៀបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវបានធ្វើឡើងនៅឆ្នាំ ១៩៩៣ បង្កើត និងស្តារឡើងវិញរបបរាជានិយមអាស្រ័យដោយធម្មនុញ្ញ ។ ខ្មែរជាច្រើនភាគីបានរួបរួមសាមគ្គីគ្នា ប៉ុន្តែភាគីខ្មែរក្រហមនៅតែបន្តធ្វើសង្គ្រាម​ដែលធ្វើឲ្យទឹកដីកម្ពុជា នៅតែមានរដ្ឋាភិបាលពីរ តំបន់ត្រួតត្រាពីរ កងទ័ពពីរ ហើយការបង្ហូរឈាមគ្នារវាងភាគីខ្មែរនៅតែបន្តកើតមានដដែល ។ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបត្យករនៃនយោបាយឈ្នះ ឈ្នះ បានដឹកនាំអនុវត្តនយោបាយនេះ​ ប្រកបដោយភាពឈ្លាសវៃ ធ្វើឲ្យភាគីខ្មែរក្រហម ត្រូវរលុតរលាយខ្ទេចខ្ទីរអស់ ទាំងអង្គការចាត់តាំងនយោបាយ និងយោធា ហើយក៏ឈានបានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នាំមកនៅសន្តិភាពពេញលេញ ឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ។ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រជាជនកម្ពុជា រួបរួមសាមគ្គីគ្នា ប្រកបដោយភាពសុខដុមរមនាក្រោមម្លប់នៃព្រះមហាក្សត្រតែមួយ ​ រដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដោយមិនគិតពីអតីតកាល ។

ដោយឡែកនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងតំបន់យើងនេះ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់បំផុតក្នុងការចូលរួមកសាង ថែរក្សាសន្តិភាព និងសន្តិសុខ​ ដែលជាគ្រឹះមិនអាចខ្វះបាន ក្នុងកិច្ចការងារ​ស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍរយៈពេលវែង ។ ក្រោមទស្សនាទានរបស់សម្តេចតេជោ ហ៊ុន សែន អាស៊ីចាំបាច់ត្រូវតែពង្រឹងភាពជាដៃគូរវាងបណ្តាប្រទេសក្នុងតំបន់ និងរវាងប្រទេសនានាលើសកលលោក ក៏ដូចជាតួអង្គអភិវឌ្ឍទាំងអស់ ។ ដើម្បីសម្រេចគោលដៅនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវជាច្រើនដង ឲ្យទាំងអស់គ្នាត្រូវគោលការណ៍សន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ ដែលជាគុណតម្លៃរបស់ប្រទេសនីមួយៗ ដើម្បីពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព ។ ជាក់ស្តែងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន​ សែន ក៏បានអញ្ជើញទៅកាន់សហភាពមីយ៉ាន់ម៉ា ដើម្បីជាការបើកផ្លូវដោះស្រាយឧបសគ្គនៅប្រទេសនេះ​ លើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុច របស់មេដឹកនាំអាស៊ាន និងធម្មនុញ្ញអាស៊ាន ។ គោលបំណងសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដំបូងបំផុតគឺបញ្ចប់ការបង្ហូរឈាមគ្នា ការចាប់ផ្តើមការជួបចរចាគ្នាដោយសន្តិវិធី និងការផ្តល់ជំនួយទៅដល់សហភាពមីយ៉ាន់ម៉ា ។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានចូលរួមចំណែកយ៉ាងសកម្មនូវឧបទ្ធីបកូរ៉េផងដែរ ។

ដូច្នេះការប្រគល់ពានរង្វាន់ពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់ ជូនដល់សម្តេចតេជោ ហ៊ុន សែន ពីសំណាក់គណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ ២០២២នេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ជាមគ្គទេសក៍របស់កម្ពុជាដ៏ឆ្នើម ដែលបេះដូងរបស់លោក ពោរពេញទៅដោយសន្តិភាព សេចក្តីស្រឡាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះមនុស្សជាតិទូទៅ ព្រមទាំងទឹកចិត្តគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសពានរង្វាន់នេះជូនដល់ប្រជាជនកម្ពុជា និងបានប​រិច្ចាកចំនួន ១ លាន់ដុល្លារអមពានរង្វាន់នេះ ដើម្បីសង់ផ្ទះដល់អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីសន្តិភាព អភិវឌ្ឍ និងសុភមង្គល ៕

(អត្ថបទ៖វិទ្យុជាតិកម្ពុជា)

LEAVE A REPLY

Please enter your comment!
Please enter your name here