ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សុំពន្យាពេលសាងសង់ ខណៈលទ្ធផលយឺតជាងផែនការ

0
143

ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេល៤ខែបន្ថែមទៀត ដោយសារខ្វះគ្រឿងចក្រសាងសង់ ខណៈមកដល់ពេលនេះការស្ថាបនា កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ទើបតែសម្រេចបានជិត៥៧ភាគរយ ដែលជាការស្ថាបនាយឺតយ៉ាវជាងផែនការ ដែលបានកំណត់ទុក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការ និងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ កំពុងជួសជុល មានការយឺតយ៉ាវមិនទាន់ផែនការ។ ពេលនេះ ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលប្រមាណ៤ខែបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋមានការលើកឡើងនៅតាមបណ្តាញសង្គម អំពីដំណើរការយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះ”។ លោកសង្កេតឃើញថា “ក្រុមហ៊ុនកំពុងខ្វះសម្ភារៈ គ្រឿងចក្រតាមការគ្រោងទុករបស់ខ្លួន ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រួតពនិត្យសំណើ លក្ខណៈបច្ចេកទេស និងហេតុផលនៃការសុំពន្យាពេលឱ្យក្រុមហ៊ុនសាងសង់”។
ទោះយ៉ាងណាក្តី លោកនៅមិនទាន់សម្រេច លើសំណើរខាងលើឡើយ។ គិតត្រឹមខែមករា ឆ្នាំ២០២២ គម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបានត្រឹមតែ៥៧ភាគរយតែប៉ុណ្ណោះ។

កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ អង្គតាសោម ប្រវែង៦៣,៤២គីឡូម៉ែត្រ ដោយចំណាយថវិកា៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល ៣០ខែ គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here