រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលីទុយអានី បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុទ្ធសាស្ត្រ ជាពិសេស ការដាក់សម្ពាធពីប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសប្រទេសលីទុយអានីលោក Gabrielius Landsbergis និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne បានជួបពិភាក្សាគ្នា កាលពីថ្ងៃពុធ នៅវិមានសភា។ ក្រុមហ៊ុននាំចេញរបស់អូស្ត្រាលី បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដោយសារតែឧបសគ្គពាណិជ្ជកម្មទាំងផ្លូវការ និងមិនផ្លូវការជាមួយចិន ជុំវិញការធ្វើជំនួញលើវិស័យធ្យូងថ្ម ស្រា សាច់គោ បង្កង និងស្រូវបាឡេ កើតមានឡើង ស្របពេលដែលទំនាក់ទំនង រវាងអូស្ត្រាលី និងចិន កំពុងធ្លាក់ចុះ។ លីទុយអានីដែលជាប្រទេសមានប្រជាពលរដ្ឋចំនួន ២ លាន ៨ សែននាក់ ស្ថិតក្នុងតំបន់បាល់ទិក កាលពេលថ្មីៗនេះ បានធ្វើឲ្យចិនខឹងសម្បារ តាមរយៈការយល់ព្រមឲ្យមានការិយាល័យរបស់កោះតៃវ៉ាន់ នៅក្នុងរដ្ឋធានីវីលនីញូសរបស់ខ្លួន ដែលដាក់ឈ្មោះថា តៃវ៉ាន់ ជំនួសឲ្យពាក្យចិនតៃប៉ិ ជាពាក្យដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនដើម្បីកុំឲ្យប៉ះពាល់ដល់ប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Landsbergis បាននិយាយថា «អស់ពេលជាយូរមកហើយ ដែលអូស្ត្រាលីបានក្លាយជាឧទាហរណ៍មួយ ដែលចិនបានប្រើប្រាស់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ធ្វើជាឧបករណ៍នយោបាយ ឬ មួយក៏គេអាចនិយាយបានថា ធ្វើជាអាវុធនយោបាយ»។ លោកបន្ថែមថា «ពេលនេះ លីទុយអានី ក៏ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ ហើយរឿងនេះ យើងមិនមែនជាអ្នកចុងក្រោយនោះឡើយ»។ អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានយល់ស្របជាមួយលោករដ្ឋមន្ត្រីការបរទសលីទុយអានី អំពីសារៈសំខាន់ក្នុងការធ្វើការជាមួយប្រទេសមួយចំនួនដែលមានទស្សនៈដូចគ្នា ក្នុងគោលដៅដូចគ្នា ដើម្បីរក្សានូវរបៀបរៀបរយពាណិជ្ជកម្មសេរី និងបើកចំហ តម្លាភាព សន្តិសុខ និងស្ថិរភាព ដែលផ្អែកទៅលើគោលការណ៍អន្តរជាតិជាធំ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ចិនប្រកាន់ខ្ជាប់នូវបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ក្នុងការទាក់ទងជាមួយប្រទេសលីទុយអានី៕ (AP ថ្ងៃទី១០ ខែកុម្ភៈ)