រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុត សម្រាប់វិបត្តិរុស្ស៊ី និងអ៊ុយក្រែន គឺត្រូវដោះស្រាយតាមមធ្យោបាយការទូត ហើយលោករំពឹងថា នឹងមានការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោក ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស Quad ថា «ដូចអ្នកទាំងអស់គ្នាដឹងរួចហើយថា យើងកំពុងចូលរួមក្នុងយុទ្ធសាស្ត្រផ្លូវ ២ដែលយើងកំពុងមាន ដើម្បីជំរុញសកម្មភាពការទូតដែលជាជម្រើសមួយ ស្របពេលជាមួយគ្នានោះ យើងក៏កំពុងបង្កើតនូវភាពកំញើញដ៏ខ្លាំងមួយ ដើម្បីការពារកុំឲ្យរុស្ស៊ីបង្កើនសកម្មភាពដ៏គឃ្លើនរបស់ខ្លួន»។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ដំណោះស្រាយមួយ អាចប្រើពេលរាប់ខែ។ លោក Macron បាននិយាយនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន ជាទីកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា៖ «យើងមិនត្រូវមើលស្រាលទៅលើភាពតានតឹងនៃស្ថានការណ៍នេះឡើយ។ វាជាស្ថានភាពមួយដែលមិនធ្លាប់មានកាលពីមុននោះទេ។ ខ្ញុំគិតថា យើងមិនអាចដោះស្រាយវិបត្តិនេះបាន តាមរយៈការពិភាក្សាតែ ២ ឬ ៣ ម៉ោងនោះឡើយ»។ លោក Macron បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រយៈពេល ៥ម៉ោង នៅក្នុងទីក្រុងមូស្គូ កាលកាលពីថ្ងៃចន្ទកន្លងទៅ ដោយលោក Putin បានធានាថា ស្ថានការណ៍នៃវិបត្តិនេះ នឹងមិនកាន់តែអាក្រក់ឡើងនោះទេ ហើយភាពតានតឹងនឹងមិនកើនឡើងថែមទៀតនោះដែរ។ លោក Macron បានថ្លែងបន្ទាប់ពីជំនួបជាមួយលោក Zelenskiy ថា៖ «ខ្ញុំជឿជាក់ថា នឹងមានដំណោះស្រាយជាក់ស្តែង និងរឹងមាំមួយ ដែលអនុញ្ញាតឲ្យយើងធ្វើសកម្មភាពទៅមុខទៀតបាន»។ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា៖ «សំណើរបស់លោក Macron ចំពោះលោក Putin មានលក្ខណៈសមហេតុផលមួយចំនួន ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានបដិសេធន៍ចំពោះការលើកឡើងមួយចំនួន ដែលថា វិបត្តិនោះត្រូវបានដោះស្រាយរួចហើយ។ លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងនៅមិនទាន់មើលឃើញមានការត្រៀមរៀបចំខ្លួនរបស់សមភាគីប្រទេសលោកខាងលិចរបស់យើងនៅឡើយទេ ក្នុងការគិតគូរលើក្តីកង្វល់របស់យើង»។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy វិញ បានលើកឡើងក្រោយជំនួបជាមួយលោក Macron ថា លោកចង់ឲ្យប្រធានាធិបតីរុស្ស៊ីលោក Putin បង្ហាញនូវចេតនាល្អមួយ ក្នុងការដកកងទ័ពរុស្ស៊ីចេញពីតាមបណ្តោយព្រំដែនរបស់អ៊ុយក្រែន៕ (AP ថ្ងៃទី១០ ខែកុម្ភៈ)