បន្ទាប់ពីអ៊ីស្រាអែល គឺប្រទេសស៊ីលី ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដូសទីបួន។ ស៊ីលីកំពុងប្រឈមរលកចម្លងអូមីក្រុងយ៉ាងខ្លាំងក្លា តាំងពីចូលឆ្នាំ២០២២មក ហើយសង្ឃឹមថា នឹងចាប់ធូរស្បើយវិញ នៅដើមខែមីនាខាងមុខ។ ប៉ុន្តែខណៈដែលចំនួនអ្នកវិជ្ជមានឡើងបំបែកឯតទគ្គកម្មស្ទើររាល់ថ្ងៃ យុទ្ធសាស្ត្រចាក់ថ្នាំបង្ការដូសជំរុញទីពីរ ឬ ដូសទីបួន បែរជារងការរិះគន់យ៉ាងខ្លាំង ជាពិសេស ការរិះគន់មកពីខាងអង្គការសុខភាពពិភពលោក។ ដោយសារបានបញ្ជាទិញថ្នាំបង្ការកូវី១៩ តាំងពីផ្ទុះជំងឺរាតត្បាតដំបូងភ្លាម និងដោយសារមានវប្បធម៌ចាក់ថ្នាំបង្ការ ស៊ីលីជាប្រទេសបានចាក់ថ្នាំបង្ការកូវីដ១៩ បានច្រើនជាងបង្អស់មួយនៅលើពិភពលោក។ ជិត ពីរដូសកន្លះ ជាមធ្យម សម្រាប់ប្រជាពលរដ្ឋ ១០០នាក់។ ពិតជាតួលេខដល់កំពូល ក្នុងចំណោមបណ្តាប្រទេសក្នុងអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE។ តាំងពីខែមករាមក ស៊ីលីបានចាប់ផ្តើមចាក់ដូសជំរុញទីពីរ ឬ ដូសទីបួន ដល់អ្នកមានជំងឺខ្សោយប្រព័ន្ធការពារខ្លួន និងដល់ក្រុមបុគ្គលិកសុខាភិបាល។ យុទ្ធនាការចាក់ដូសទីបួន សម្រាប់ពលរដ្ឋអាយុលើសពី ៥៥ឆ្នាំ ត្រូវចាប់បានផ្តើមកាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈ។ ប៉ុន្តែយុទ្ធនាការចាក់ដូសទីបួន មិនបានទទួលស្វាគមន៍ដូចដូសមុនៗទេ។ ពាក្យរិះគន់មកពីខាងអង្គការសុខភាពពិភពលោក គឺថ្វីបើវ៉ាក់សាំងដូសទីមួយ មានប្រសិទ្ធភាព ដោយអាចផ្តល់ភាពស៊ាំដល់សរីរាង្គកាយមនុស្ស ហើយដូសទីបួននឹងបង្កើនអត្រាអង់ទីក័រឱ្យនៅកំរិតខ្ពស់មែន ប៉ុន្តែបើតាមការសិក្សាអ៊ីស្រាអែល វ៉ាក់សាំងដូសទីបួននេះ គ្មានប្រសិទ្ធភាពទប់ទល់នឹងអូមីក្រុងទេ។ ថ្នាំបង្ការផលិតឡើងដោយផ្អែកលើគំរូនៃមេរោគកូវីដដើមប៉ុណ្ណោះ។ មូលហេតុទីពីរ គឺសង្គមលែងចាប់អារម្មណ៍។ បើតាមការសិក្សាអ៊ីស្រាអែលដដែល ក្នុងយុទ្ធនាការចាក់ដូសជំរុញ (ដូសទីបី) ពលរដ្ឋនាំគ្នារួសរាន់ទៅរកចាក់ តែគ្មាននរណាសូវអើពើសោះ នៅពេលបើកយុទ្ធនាការចាក់ដូសទីបួន។ ដូសទីបួន មានប្រយោជន៍មិនអាចប្រកែកបាន ទាំងផ្នែកវិទ្យាសាស្ត្រ និងសង្គម សម្រាប់តែមានជំងឺប្រព័ន្ធការពារខ្លួនខ្សោយ និងអ្នកប្រឈមខ្លាំងនឹងមេរោគ។ ផ្ទុយវិញ គ្មានអ្វីបន្ទាន់សោះសម្រាប់មនុស្សធម្មតា មានសុខភាពល្អមាំមួននោះ។ ម្យ៉ាងវិញទៀត គេអាចរង់ចាំបាន ព្រោះពេលនេះ ក្រុមហ៊ុន Pfizer Moderna កំពុងសិក្សាធ្វើបច្ចុប្បន្នភាពថ្នាំបង្ការ សម្របទៅនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនអូមីក្រុងហើយ។ មន្ទីរពិសោធន៍ទាំងពីរ សង្ឃឹមថា ថ្នាំបង្ការប្រឆាំងកូវីដ១៩ អូមីក្រុងនឹងអាចធ្វើចរាចរណ៍បាននៅរដូវក្តៅខាងមុខ៕ (Reuters ថ្ងៃទី០៨ ខែកុម្ភៈ)