ជញ្ជីងពាណិជ្ជកម្មបារាំងបានផ្អៀងខ្លាំង មកខាងការនាំចូល ក្នុងឆ្នាំ២០២១ នេះបើយោងតាមតួលេខរបស់អាជ្ញាធរគយបារាំង ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ រវាងការនាំចូល និងការនាំចេញ គឺមានកម្រិតទំហំខុសគ្នា គិតជាទឹកប្រាក់ ចំនួន ៨៤.៧ ពាន់លានអឺរ៉ូ។ ជញ្ជីងពាណិជ្ជកម្មតែងតែធ្ងន់ផ្អៀង ទៅខាងការនាំចូលជានិច្ច បើគិតពីឆ្នាំ ២០០៦ មក ហើយវាបានឡើងជាលំដាប់ រហូតដល់ឆ្នាំ២០២០ ដែលមានទំហំប្រមាណ ៦៤.៧ ពាន់លានអឺរ៉ូ។ យោងតាមលោកស្រី Isabelle Méjean អ្នកជំនាញសេដ្ឋកិច្ចបារាំង និងជាសាស្ត្រាចារ្យ នៅសាលាភូមិសាស្ត្រនយោបាយទីក្រុងប៉ារីស « និយាយជារួម ពាណិជ្ជកម្មបារាំងមានទំហំវិជ្ជមានផ្នែកសេវាកម្ម តែផ្នែកទំនិញវិញ គឺមានទំហំអវិជ្ជមានខ្លាំង គឺបារាំងនាំចេញទំនិញ តិចជាងការនាំចូល»។ ប៉ុន្តែនៅអឺរ៉ុប មិនមែនមានតែបារាំងទេ ដែលមានបញ្ហាឱនភាពពាណិជ្ជកម្មនោះ។ អ៊ីតាលី អេស្ប៉ាញ ក៏មានបញ្ហាខ្លាំងដែរ។ លើកលែងតែអាល្លឺម៉ង់ ដែលជញ្ជីងពាណិជ្ជកម្មក្រៅប្រទេស មានទំហំវិជ្ជមានលើសការនាំចូល ដល់ទៅ ២០០ពាន់អឺរ៉ូ ជាមធ្យម។ កាលពីខែមករាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំតុមូលនៅព្រឹទ្ធសភាបារាំង លោក Guillaume Vanderheyden អគ្គនាយករងផ្នែកពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយបារាំង បានលើកឡើងថា មូលហេតុចំបង ដែលធ្វើឲ្យបារាំងមានឱនភាពពាណិជ្ជកម្មនោះ គឺការចុះថយផ្នែកឧស្សាហកម្ម។ រោងចក្របារាំងមួយចំនួនធំ បានរើទៅតាំងទីនៅក្រៅប្រទេស ដើម្បីរកតម្លៃពលកម្មដែលថោកជាង។ ទំនិញឧស្សាហកម្មសម្រេចជាច្រើនមុខ គឺបារាំងនាំចូលច្រើនលើសលុប រាប់ទាំងផលិតអេឡិចត្រូនិក និងកែវអុបទិក ជាដើម។ បន្ថែមពីនេះទៀត បារាំងរំពឹងខ្លាំងណាស់ ទៅលើប្រភពថាមពលនាំចូលពីបរទេស ជាក់ស្តែង ប្រេងឥន្ធនៈ និងឧស្ម័ន។ ក្នុងឆ្នាំ២០២១កន្លងទៅ តម្លៃវត្ថុធាតុដើមថាមពលទាំងនេះ បានឡើងថ្លៃខ្លាំងណាស់ ដែលបានទាញការចំណាយឲ្យឡើងខ្ពស់។ យ៉ាងណាក៏ដោយ បារាំងអាចនៅឈរជើងរឹងមាំក្នុងវិស័យនាំចេញ ទំនិញមួយចំនួន ដូចជា ផលិតផលកសិកម្ម ស្រា ឱសថ ទឹកអប់ និងគ្រឿងសំអាងជាដើម។ យោងតាមតួលេខ ក្នុងឆ្នាំ២០២១ ផលិតផលម៉ាកថ្លៃៗរបស់បារាំង ដូចជា ទឹកអប់ និងគ្រឿងសំអាង គឺការនាំចេញរបស់បារាំង មានលើសការនាំចូលពីបរទេស ដល់ទៅជាង ១៥ពាន់លានអឺរ៉ូ។ បន្ថែមពីនេះទៀត ក្នុងបរិបទវិបត្តិកូវីដ១៩ បារាំងបានបន្ថែមការនាំចូលទំនិញចាំបាច់ជាច្រើន ដូចជា ម៉ាស ស្រោមដៃ ម៉ាស៊ីនជំនួយការដកដង្ហើម និងសម្ភារៈចាំបាច់ផ្សេងទៀត ក្នុងវិស័យសុខាភិបាល។ យោងតាមតួលេខរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០២០ ការនាំចូលទំនិញទាំងនេះ បានកើនឡើងដល់ទៅជាង ៥៨% នៅបារាំង បើប្រៀបធៀបទៅឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២១ លោករដ្ឋមន្ត្រី Franck Riester បានអះអាងថា បារាំងបាននាំចូលម៉ាស ត្រឹមតែ ៩០០លានអឺរ៉ូទេ មិនដូចឆ្នាំ២០២០ ដែលនាំចូលដល់ទៅ ៦ពាន់លានអឺរ៉ូ៕ (AP ថ្ងៃទី០៨ ខែកុម្ភៈ)
Publicité