ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។
ជាក់ស្តែងនៅថ្ងៃទី១០ ឧសភា នេះ គាត់បានបង្ហោះ សារមួយតាមរយះ គណនី ផេកផ្លូវការរបស់គាត់ថា ៖ ពុទ្ធោ មួយគ្រួសារ ៦នាក់ បាត់បង់ជីវិតក្នុងភ្លើង ទាំងម្ដាយនិងកូន សល់តែប្ដីម្នាក់រួចខ្លួន ពិតជាសង្វេគណាស់។ នៅខេត្តកំពង់ឆ្នាំង មើលទៅអស់រលីងហើយ ជីវិតគ្រួសារដែលខំកសាងមក ទ្រពដែលប្រឹងរកបាន។ ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តដល់គាត់ និងការយកចិត្តទុកដាក់ ជួយរំលែកទុក្ខប៉ុណ្ណោះ។ នាងខ្ញុំចូលរួមរំលែកទុក្ខ 1000$ ដើម្បីរៀបចំធ្វើបុណ្យឱ្យបានសមរម្យជូនពួកគាត់ទាំង៦នាក់នោះ។ សូមពួកគាត់ទៅបានស្ងប់សុខ