ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ សម្លាប់ក្មេងស្រីមិនបានសម្រេច កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុក បរកែវ ករណីមនុស្សឃាតដោយចេតនា បុរសម្នាក់យកខ្សែគោមករឹតក ក្មេងស្រី។
ជនដៃដល់មានឈ្មោះ ជួន ធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្កំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិ,ឃុំ កើតហេតុខាងលើ។
រីឯក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិ,ឃុំជាមួយជនដៃដល់។ បច្ចុប្បន្នមានទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ ប៉ុន្តែជួយសង្គ្រោះទាន់ពេល មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ។
លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យខឹងឪពុក ក្មេងស្រីរងគ្រោះ ជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្មឲ្យខ្លួន ទើបសម្រេចចិត្តយកខ្សែគោរឹតកក្មេងស្រីសម្លាប់ចោល ជាការរំសាយកំហឹង។
ក្រោយពីទទួលបានព័ត៌មានពីមេភូមិប៉ាអរ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងវេនប្រចាំបញ្ជារ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំកិចុង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ ឦសាន