ដីសម្បទាន២៤០០ហិកតាទុកផ្ដល់ឲ្យអ្នកក្រីក្រ នៅស្រុកពេជ្រាដា-ខេត្តមណ្ឌលគិរី មិនដឹងថាអាចសង្គ្រោះបានឬអត់ទេ

0
208

ខេត្តមណ្ឌលគិរី៖ ដីសម្បទានសង្គមកិច្ចទំហំ២៤០០ហិកតា ស្ថិតនៅភូមិវ៉ាលយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាដីបម្រុងទុករបស់រដ្ឋសម្រាប់ផ្ដល់ឲ្យពលរដ្ឋក្រីក្រ នៅពុំទាន់មានការសង្គ្រោះយកមកវិញទេ ផ្ទៃដីជាង២០០០ហិកតានោះ នៅតែបន្តផ្ដល់ឲ្យក្រុមមនុស្សខិលខូចកាន់កាប់ ខណៈរដ្ឋបាលស្រុកពេជ្រាដាក៏បានចេញសេចក្ដីបំភ្លឺព័ត៌មានថា ធ្លាប់ទប់ស្កាត់ដែរ តែទប់មិនបាន ព្រោះគេលួចកាប់ទន្ទា្រនតែពេលយប់ ចំណែកកម្លាំងល្បាតពេលថ្ងៃ ដែលខ្លឹមសារក្នុងការស្រាយបំភ្លឺនេះ ហាក់បីដូចជាឆ្លើយយករួចខ្លួន និងបង្កើតឲ្យមានភាពស្មុគ្រស្មាញដល់រដ្ឋបាលខេត្ត និងមន្ត្រីថ្នាក់ជាតិ ព្រោះនៅពេលត្រូវបែងចែកដីជូនអ្នកក្រពិតប្រាកដតែបែរជាគ្មានសេសសល់ដី ត្រូវជនឆ្លៀតឱកាសកាន់កាប់ទន្ទ្រានយកអស់បាត់ទៅហើយ។

នៅក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកពេជ្រាដាថ្មីៗនេះ លើកឡើងថា ដីសម្បទានសង្គមកិច្ច២៤០០ហិកតា ពិតជាមានប្រជាពលរដ្ឋចូលទៅរស់នៅមែន ហើយមិនមែនរដ្ឋបាលស្រុកពេជ្រាដាមិនទប់ស្កាត់នោះទេ ព្រោះកាលពីឆ្នាំ២០១២-២០១៣ អាជ្ញាធរស្រុកបានចុះទៅបង្ក្រាបទប់ស្កាត់ជាបន្តបន្ទាប់ និងធ្វើការណែនាំឲ្យប្រជាពលរដ្ឋបញ្ឍប់សកម្មភាព រងចាំការបែងចែកដីនោះតាមនីតិវិធីសម្បទានដីសង្គមកិច្ចជាមុនសិន ប៉ុន្តែប្រជាពលរដ្ឋពុំស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដោយកម្លាំងល្បាតនៅពេលថ្ងៃហើយគេលួចកាប់នៅពេលយប់ ចំណែកការទិញលក់ដីក្នុងតំបន់នោះ អាជ្ញាធរ ភូមិ,ឃុំ,ស្រុក ពុំបានចេញលិខិតបញ្ជាក់លើការលក់ដូរនោះទេ។

ការស្រាយបំភ្លឺរបស់ស្រុកពេជ្រាដា ធ្វើឲ្យមជ្ឃដ្ឋានជាច្រើនមានចម្ងល់ថា រដ្ឋបាលស្រុកធ្លាប់ទប់ស្កាត់កាលពីឆ្នាំ២០១២-២០១៣ ចុះហេតុអ្វីក្រោយឆ្នាំ២០១៣ អាជ្ញាធរស្រុកមិនទប់ស្កាត់ ចំណែកករណីគេកាប់ទន្ទ្រានយកដីសម្បទាននេះនៅពេលយប់ ហេតុអ្វីអាជ្ញាធរមិនទប់ស្កាត់នៅពេលយប់ ឬមួយក្នុងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា ធ្វើការទប់ស្កាត់បទល្មើសតែពេលថ្ងៃ រីឯពេលយប់បណ្ដោយឲ្យកើតមានបទល្មើសបាន។


លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានប្រាប់តាមទូរសព្ទថា រដ្ឋបាលស្រុកចាំតែសហការជាមួយមន្ទីរជំនាញនោះទេ ដោយនៅតែរងចាំការបែកចែង ហើយប្រជាជនចេះតែចូលមករស់នៅ ចំណែកការលក់ដូរដីតំបន់នោះជារឿងសាម៉ីខ្លួនរបស់ប្រជាពលរដ្ឋ ស្រុកមិនបានចូលរួមដឹងលឺទេ។ លោកថា រឿងដីសង្គមកិច្ចនេះកើតឡើងតាំងពីលោកនៅជាមន្ត្រី មិនទាន់មកបម្រើការនៅសាលាស្រុកពេជ្រាដាផង។

ជុំវិញបញ្ហានេះ លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានស្នើសុំឲ្យ អង្គភាពយើង សួរទៅរដ្ឋបាលខេត្ត។ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានបញ្ជាក់ថា រដ្ឋបាលខេត្តបានចាត់ឲ្យមន្ត្រីស្រុកចុះទៅពិនិត្យទីតាំងនោះហើយ នឹងកំពុងធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលខេត្ត ក្រោយពេលទទួលបានរបាយការណ៍ពីស្រុកពេជ្រាដា នឹងផ្ដល់ព័ត៌មានមកឲ្យអង្គភាពយើង។


សូមបញ្ជាក់ដែរថា ដីសម្បទានសង្គមកិច្ចជាង២០០០ហិកតានេះ ហាក់បីដូចជាពុំមានពន្លឺក្នុងការសង្គ្រោះយកមកវិញនោះទេ ត្បិតរដ្ឋបាលស្រុកពេជ្រាដា ដែលមានតួនាទីថែរក្សាសម្បត្តិរដ្ឋមួយនេះ ឆ្លើយថាពិបាកក្នុងការទប់ស្កាត់ ណែនាំប្រជាពលរដ្ឋមិនស្ដាប់ និងមានការកាប់ទន្ទា្រននៅពេលយប់ជាដើម ដែលទំនងពុំមានឆន្ទៈទប់ស្កាត់នោះទេ ហើយក៏មិនមានជនខិលខូចណាម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីយកមកផ្ដន្ទាទោសក្នុងករណីលួចយកទ្រព្យសម្បត្តិរបស់រដ្ឋនេះ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here