រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទ ដើម្បីចូលរួមជំនួបថ្នាក់រដ្ឋមន្ត្រីរបស់ក្រុម Quad ដើម្បីធ្វើឲ្យជឿនលឿននូវកិច្ចសហប្រតិបត្តិការលើបញ្ហានានា រួមទាំងសន្តិសុខផ្លូវនាវាចរណ៍ និងសន្តិសុខប្រព័ន្ធកំព្យូទ័រ ស្របពេលបង្កើនការទប់ទល់ប្រឆាំងនឹង «ភាពគឃ្លើន និងការបង្ខំ» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រុម Quad សំដៅដល់ការសន្ទនាខាងសន្តិសុខ ដែលទាក់ទិននឹងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីនោះ បន្ទាប់ពីភាពជាដៃគូនៃសន្តិសុខត្រីភាគី ដែលគេហៅថា AUKUS រួមមាន អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំទៅ។ កិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងដើម្បីស្ថាបនានាវាមុជទឹកដែលប្រើឋាមពលនុយក្លែអ៊ែសម្រាប់ប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃការកំញើញប្រឆាំងនឹងការវាតទីរបស់ចិន នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «លោករដ្ឋមន្ត្រីការបរទេស Blinken នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison លោកស្រីរដ្ឋមន្ត្រីការបរទេស Marise Payne រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ដើម្បីពិភាក្សាបញ្ហាអាទិភាពទ្វេភាគី និងសាកល»។ នៅក្នុងទីក្រុងប៉េកាំងឯណោះវិញ ក្រុមមន្ត្រីចិនបានសម្តែងនូវភាពប្រយ័ត្នប្រយែង អំពីក្រុម Quad និង AUKUS។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា គម្រោងនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាមួយ «មិនត្រូវផ្តោតលើភាគីទី៣ ណាមួយទេ» នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលរបស់មេដឹកនាំ Quad កាលពីខែកញ្ញា ឆ្នាំមុន។ លោក Zhao បានហៅសន្ធិសញ្ញា AUKUS ថា «គ្មានការទទួលខុសត្រូវ»៕ (AP ថ្ងៃទី០៨ ខែកុម្ភៈ)