ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយ បន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីលោក Xi Jinping និងសមភាគីអាហ្សង់ទីនលោក Alberto Fernandez ថា ប្រទេសចិន និងអាហ្សង់ទីនបានសន្យា កាលពីថ្ងៃអាទិត្យ ទី6 ខែកុម្ភៈ ដើម្បីធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ និងពង្រីក និងធ្វើពិពិធកម្មពាណិជ្ជកម្ម។ មេដឹកនាំដែលបានជួបប្រជុំគ្នានៅខាងក្រៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ទីក្រុងប៉េកាំង ឆ្នាំ2022 បានឯកភាពលើផែនការ រយៈពេល 5 ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងបានកំណត់វិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការដែលត្រូវការ ដើម្បីពង្រីក និងធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ CCTV ។ ប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀង និងសាច់គោអាហ្សង់ទីនដ៏សំខាន់ ហើយមានកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ ជាមួយប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ដែលជួយជំរុញទុនបម្រុងបរទេសរបស់អាហ្សង់ទីន។ លោក Fernandez កំពុងប្រយុទ្ធ ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលផលិតគ្រាប់ធញ្ញជាតិឲ្យបានប្រសើរឡើងវិញ និងបំពេញទុនបម្រុងដែលធ្លាក់ចុះ។ CCTV បាននិយាយថា លោក Xi និងលោក Fernandez បានយល់ព្រមសហការ និងវិនិយោគលើវិស័យ ដូចជា ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ក៏ដូចជា សេដ្ឋកិច្ចឌីជីថលផងដែរ។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក Xi ដែលបាននិយាយថា ប្រទេសចិនមានឆន្ទៈចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយប្រទេសអាហ្សង់ទីន និងជួយប្រទេសនេះ ពង្រីកការនាំចេញ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ខ្លួន។ លោកត្រូវបានដកស្រង់សម្តីដោយនិយាយថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល និងរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងហិរញ្ញវត្ថុ កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាត សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងវិស័យផ្សេងៗទៀត៕ (AFP ថ្ងៃទី០៧ ខែកុម្ភៈ)