រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ បានជំរុញប្រជាជនឱ្យព្រងើយកន្តើយ ចំពោះ “ការព្យាករណ៍មហាវិនាសកម្ម” អំពីការលុកលុយរបស់រុស្ស៊ី ដោយនិយាយថា ប្រទេសរបស់លោកមានភាពរឹងមាំ និងមានការគាំទ្រពីអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមក។ ប្រធានាធិបតីលោក Volodymyr Zelenskiy បាននិយាយកាលពីមួយសប្តាហ៍មុនថា អ៊ុយក្រែនមិនមែនជាអ្នកលិចកប៉ាល់ទីតានិកទេ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងប្រព័ន្ធផ្សព្វផ្សាយថា បានធ្វើឱ្យមានការភ័យស្លន់ស្លោ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅពេលដែលគ្មានរថក្រោះនៅតាមដងផ្លូវ។ លោក Kuleba បាននិយាយនៅក្នុង tweet ថា “ថ្ងៃនេះ អ៊ុយក្រែនមានកងទ័ពខ្លាំង ការគាំទ្រពីអន្តរជាតិដែលមិនធ្លាប់មានពីមុនមក និងជំនឿរបស់អ៊ុយក្រែន ចំពោះប្រទេសរបស់ខ្លួន”។ មួយថ្ងៃមុននេះ មន្ត្រីអាមេរិក ២រូប បាននិយាយថា រុស្ស៊ីអាចនឹងត្រៀមខ្លួនសម្រាប់ការលុកលុយពេញលេញចូលអ៊ុយក្រែន នៅពាក់កណ្តាលខែកុម្ភៈ ខណៈដែលអ៊ុយក្រែនដាក់កម្លាំងប្រហែល 70 ភាគរយ នៃកម្លាំងប្រយុទ្ធ ដែលខ្លួនជឿជាក់ថា នៅត្រូវការ និងកំពុងបញ្ជូនក្រុមយុទ្ធវិធីកងវរសេនាតូចបន្ថែមទៀត ទៅកាន់ព្រំដែន។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីអាចចាត់វិធានការយោធាថ្ងៃណាមួយ ប៉ុន្តែនៅតែអាចជ្រើសរើសផ្នែកការទូត។ លោក Kuleba បាននិយាយថា “រដ្ឋធានីផ្សេងៗគ្នា មានសេណារីយ៉ូផ្សេងៗគ្នា ប៉ុន្តែអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវិវត្តន៍ណាមួយ”។ ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបលោក Paolo Gentiloni បាននិយាយកាលពីថ្ងៃអាទិត្យថា ការយកចិត្តទុកដាក់គួរតែផ្តោតលើការទូត។ លោកបាននិយាយនៅលើទូរទស្សន៍ជាតិអ៊ីតាលី RAI ថា “យើងត្រូវតែជួយប្រទេសណាតូដែលជាប់ព្រំដែនជាមួយរុស្ស៊ី និងពង្រឹងពួកគេផងដែរ តាមទស្សនៈវិស័យយោធា”។ «យើងក៏ត្រូវតែត្រៀមខ្លួនសម្រាប់ប្រតិកម្មសេដ្ឋកិច្ច និងទណ្ឌកម្ម ប្រសិនបើមានសង្គ្រាមមែននោះ»។ រុស្ស៊ីបានពង្រាយទាហានជាង ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន ដែលបង្កការភ័យខ្លាចចំពោះការវាយប្រហារដែលគ្រោងទុក។ ទីក្រុងមូស្គូបាននិយាយថា ខ្លួនមិនមានគម្រោងការលុកលុយទេ ប៉ុន្តែអាចចាត់វិធានការយោធាដែលមិនជាក់លាក់ ប្រសិនបើការទាមទារសន្តិសុខរបស់ខ្លួនមិនត្រូវបានបំពេញ៕ (Reuters ថ្ងៃទី០៧ ខែកុម្ភៈ)