ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយម្តងទៀត កាលពីថ្ងៃអាទិត្យ ទី6 ខែកុម្ភៈ ជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុង “ការសម្របសម្រួលបែបតក្កវិជ្ជា” មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃច័ន្ទនេះ។ ការហៅទូរសព្ទរយៈពេល 40 នាទី បានអនុញ្ញាតឱ្យមេដឹកនាំទាំងពីរ “ចែករំលែកព័ត៌មានអំពីទំនាក់ទំនងដែលបានធ្វើឡើង ក្នុងអំឡុងចុងសប្តាហ៍” សម្រាប់ការសម្របសម្រួលដ៏ល្អ នៅមុនការធ្វើដំណើរ។ លោក Macron ត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ ជាប្រទេសដែលបានដាក់ពង្រាយទ័ពយ៉ាងច្រើន នៅជិតអ៊ុយក្រែន បង្កការភ័យខ្លាចពីលោកខាងលិច អំពីការឈ្លានពាន។ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី “កិច្ចខិតខំប្រឹងប្រែងការទូត និងរារាំងជាបន្ត ដើម្បីឆ្លើយតបទៅនឹងការបន្តការកសាងយោធារបស់រុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន”។ លោក Macron និងលោក Biden បានបញ្ជាក់ពីការគាំទ្ររបស់លោកទាំងពីរ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានយល់ព្រមថា ក្រុមរបស់ពួកលោកនឹងរក្សាទំនាក់ទំនង និងបន្តការប្រឹក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូ រួមទាំងអ៊ុយក្រែនផងដែរ។ រុស្ស៊ីបានបដិសេធផែនការឈ្លានពានអ៊ុយក្រែន ប៉ុន្តែមានកងទ័ពរាប់ម៉ឺននាក់នៅជិតព្រំដែនប្រទេសជិតខាងរបស់ខ្លួន ដែលជំរុញឱ្យសហរដ្ឋអាមេរិកបន្ថែមទាហានប្រហែល 3,000 នាក់ ដើម្បីពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ នៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី។ ខណៈដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពជាង 100,000 នាក់ នៅជិតព្រំដែននោះ ទីក្រុងម៉ូស្គូបាននិយាយថា ខ្លួនអាចចាត់វិធានការយោធាដែលមិនជាក់លាក់ ប្រសិនបើការទាមទារសន្តិសុខរបស់ខ្លួនមិនត្រូវបានបំពេញ។ ទាំងនោះ រួមមាន ការសន្យារបស់អង្គការណាតូ អំពីការមិនព្រមទទួលយកអ៊ុយក្រែនជាសមាជិក ដែលអាមេរិក និងណាតូ បានហៅថា មិនអាចទទួលយកបាន៕ (Reuters ថ្ងៃទី០៧ ខែកុម្ភៈ)