ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំចិនលោក Xi Jinping បានប្តេជ្ញាចិត្តសហការគ្នាយ៉ាងជិតស្និទ្ធជាងមុន ដើម្បីទប់ទល់នឹងឥទ្ធិពលអាមេរិក នៅក្នុងជំនួបមួយកាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈ នៅមុនពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២។ ជំនួបរវាងលោក Putin និងលោក Xi ដែលជាជំនួបលើកទី៣៨ ជាភស្តុតាងថ្មីបំផុតបង្ហាញថា ប្រទេសទាំងពីរនេះមានទំនាក់ទំនងគ្នាជិតស្និទ្ធជាងមុន នៅពេលដែលទំនាក់ទំនងប្រទេសទាំងពីរជាមួយអាមរិក មានការរអាក់រអួលជាងមុន។ ជំនួបនេះកើតមានឡើង ចំពេលសំខាន់មួយដែលរុស្ស៊ីបញ្ជូនទាហានជាង មួយសែននាក់ ដាក់តាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ហើយទាមទារសម្បទានពីអង្គការណាតូ ដែលជាសម្ព័ន្ធយោធាបស្ចិមប្រទេស។ សេចក្តីថ្លែងការណ៍រួម នៅក្រោយជំនួបរវាងលោក Putin និងលោក Xi មិនបាននិយាយចំៗ ដល់អ៊ុយក្រែននោះទេ។ តែយ៉ាងណាក៏ដោយ ក៏ឯកសារនេះបានចែងថា ប្រទេសទាំងពីរជំទាស់នឹងការពង្រីកអង្គការណាតូ និងអំពាវនាវឱ្យសម្ព័ន្ធភាពយោធានេះ បោះបង់របៀបដោះស្រាយបែប«សង្គ្រាមត្រជាក់»។ អាមេរិកចោទប្រកាន់រុស្ស៊ីថា រកលេសដើម្បីលុកលុយប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ពង្រីកតំបន់ឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូក្នុងអឺរ៉ុបខាងកើត។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែង រុស្ស៊ីក៏បានបញ្ជាក់សារជាថ្មី អំពីការគាំទ្ររបស់ខ្លួនដល់គោលជំហររបស់ប្រទេសចិន អំពីកោះតៃវ៉ាន់ដោយនិយាយថា កោះនេះ ជា«ផ្នែកមួយទាំងស្រុងនៃប្រទេសចិន» ហើយថា រុស្ស៊ីប្រឆាំងនឹងឯករាជ្យតៃវ៉ាន់«ក្នុងទម្រង់ណាមួយក៏ដោយ»។ នៅក្នុងសេចក្តីថ្លែងការណ៍មេដឹកនាំទាំងពីរ លោក Putin និងលោក Xi បានថ្កោលទោស «ការប៉ុនប៉ងដោយកម្លាំងខាងក្រៅ ដើម្បីបំផ្លាញសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ជាប់ប្រទេសពួកគេ»។ ទោះជាសេចក្តីថ្លែងការណ៍នេះ មិនបានបញ្ចេញឈ្មោះតំបន់ឱ្យបានជាក់លាក់ក៏ដោយ ក៏ភាគីទាំងពីរប្តេជ្ញា «បង្កើនកិច្ចសហប្រតិបត្តិការ» នៅក្នុងតំបន់ទាំងនោះ។ លោក Putin និងលោក Xi ក៏បានរិះគន់ផងដែរ ដល់របៀបដោះស្រាយរបស់អាមេរិកនៅអាស៊ី ដែលចិនយល់ថា ជាការប៉ុនប៉ងមួយ ដើម្បីទប់ទល់នឹងការលេចឡើងរបស់ខ្លួន។ មេដឹកនាំទាំងពីរ បាននិយាយថា ពួកគេ «នៅតែប្រុងប្រយ័ត្នខ្លាំង អំពីផលប៉ះពាល់អវិជ្ជមានលើសន្តិភាព និងស្ថិរភាព» នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក និងបានសំដែងការ «ខ្វល់ខ្វាយខ្លាំង» អំពីការបង្កើតសម្ព័ន្ធភាពត្រីភាគី កាលពីពេលថ្មីៗនេះ រវាងអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី៕ (AP ថ្ងៃទី០៧ ខែកុម្ភៈ)