ទីក្រុងប៉េកាំងបានចាប់ផ្តើមតួនាទីរបស់ខ្លួន ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ជាមួយនឹងពិធីដង្ហែភ្លើងគប់ ដែលតែងតែធ្វើឡើងជាប្រពៃណី កាលពីថ្ងៃពុធម្សិលម៉ិញ។ ឧបនាយករដ្ឋមន្ត្រី Han Zheng បានចាប់ផ្តើមពិធីនេះ នៅពេលដែលលោកបានហុចភ្លើងគប់ជូនលោក Luo Zhihuan ដែលជាអ្នកចូលប្រកួតកីឡារំអិលលើទឹកកកល្បឿនលឿនអន្តរជាតិទីមួយរបស់ប្រទេសចិន ដែលមានអាយុ ៨០ឆ្នាំ និងជាជើងឯកនៃកីឡាអូឡាំពិករដូវរងាទីមួយ ក្នុងពិធីមួយនៅឯសួនអូឡាំពិកបរទេស (Olympic Foreign Park)។ អ្នកដង្ហែភ្លើងគប់ជាងមួយពាន់នាក់ បានកាន់ភ្លើងគប់អូឡាំពិកឆ្លងកាត់តំបន់ប្រកួត៣ ដែលរួមមាន ទីក្រុងប៉េកាំង ទីក្រុង Zhangjiakou ក្នុងខេត្ត Hebei ដែលនៅជិតខាង មុននឹងវិលត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញ នៅថ្ងៃសុក្រ សម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិក។ ពិធីដង្ហែភ្លើងគប់ ៣ថ្ងៃនេះ មានការរឹតត្បិតខ្លាំងជាងពិធីធម្មតាកន្លងមក ដោយសារមានការបារម្ភអំពីជំងឺកូវីដ១៩ ដោយមានការអនុញ្ញាតឲ្យតែសាធារណជនខ្លះមើលតែប៉ុណ្ណោះ។ កាលពីឆ្នាំ ២០០៨ ឯនោះវិញ មុនការប្រកួតកីឡាអូឡាំពិករដូវក្តៅ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើពិធីដង្ហែភ្លើងគប់នៅជុំវិញពិភពលោក ដែលពេលនោះនាំឲ្យមានការប្រឆាំងតវ៉ា ចំពោះការបំពានសិទ្ធិមនុស្សរបស់ចិន នៅតាមកន្លែងឈប់សំចតខ្លះៗ។ ឆ្នាំនេះ ប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា បានបដិសេធមិនបញ្ជូនគណៈប្រតិភូផ្លូវការ ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងទេ ប៉ុន្តែកីឡាកររបស់ប្រទេសទាំងនោះចូលរួមប្រកួតជាធម្មតា។ នៅក្នុងការប្រកួតកីឡាអូឡាំពិកនេះ អត្តពលិក ក្រុមមន្ត្រី អ្នកធ្វើការ និងអ្នកយកព័ត៌មាន ត្រូវដាក់ឲ្យស្ថិតនៅដាច់ពីគេ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩៕ (AFP ថ្ងៃទី០៣ ខែកុម្ភៈ)