ភរិយារបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺលោកស្រី Ri Sol Ju បានបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាលើកដំបូង ក្នុងរយៈពេលជិត ៥ខែ កាលពីថ្ងៃពុធ ទី2 ខែកុម្ភៈ ខណៈដែលគ្រួសារកំពុងកាន់អំណាចមួយនេះបានរក្សាទម្រង់ទាប ក្នុងអំឡុងពេលជំងឺរាតត្បាត។ ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថា លោក Kim និងលោកស្រី Ri បានចូលរួមទស្សនាការសម្តែងសិល្បៈមួយ នៅឯសាលមហោស្រព Mansudae ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកស្រីត្រូវបានគេឃើញចុងក្រោយជាសាធារណៈ កាលពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលលោកស្រីបានចូលរួមជាមួយស្វាមី ក្នុងការទស្សនាវិមានព្រះអាទិត្យ Kumsusan ដែលជាកន្លែងដាក់សាកសពជីតា និងឪពុករបស់លោក Kim ក្នុងខួបនៃការបង្កើតប្រទេស។ KCNA បាននិយាយថា “នៅពេលដែលលោក Kim បង្ហាញខ្លួន នៅសាលប្រជុំនៃរោងមហោស្រពជាមួយភរិយា គឺលោកស្រី Ri Sol Ju ចំពេលកំពុងលេងតន្ត្រីស្វាគមន៍ ទស្សនិកជនបានស្រែកហ៊ោ! បង្ហាញការចាប់ដៃ និងថតរូបជាមួយសិល្បករ។ លោកស្រី Ri ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ នៅពេលដែលលោកស្រីតែងតែអមដំណើរលោក Kim ក្នុងកម្មវិធីសង្គម អាជីវកម្ម និងសូម្បីតែការចេញទៅកាន់ជំរុំយោធា ដែលខុសស្រឡះពីឪពុក គឺលោក Kim Jong Il ដែលកម្របានឃើញមុខជាសាធារណៈជាមួយភរិយារបស់គាត់។ លោកស្រី Ri បានបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អស់រយៈពេលជាង មួយឆ្នាំ មុនពេលត្រូវបានគេឃើញចូលរួមក្នុងការប្រគុំតន្ត្រី កាលពីខែកុម្ភៈ ឆ្នាំមុន ដែលជំរុញឱ្យមានការភ្ញាក់ផ្អើលអំពីសុខភាព និងលទ្ធភាពមានផ្ទៃពោះរបស់លោកស្រី។ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានប្រាប់សមាជិកសភាថា ជាក់ស្តែង លោកស្រី Ri បានបដិសេធពីសកម្មភាពខាងក្រៅ ដើម្បីការពារការឆ្លងមេរោគ COVID-19 ប៉ុន្តែលោកស្រីកំពុង “លេងបានល្អជាមួយកូនរបស់ពួកគេ។ កូរ៉េខាងជើងមិនបានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ទេ ប៉ុន្តែបានបិទព្រំដែនរបស់ខ្លួន និងបានអនុវត្តការទប់ស្កាត់យ៉ាងតឹងរ៉ឹង រួមទាំងការរឹតត្បិតការធ្វើដំណើរទៀតផង៕ (Reuters ថ្ងៃទី០៣ ខែកុម្ភៈ)