ទម្រង់ថ្មីមួយនៃវីរុសបំប្លែងថ្មីអូមីក្រុង (omicron) ដែលទើបលេចចេញឡើង ហាក់ដូចជាមិនមានភាពធ្ងន់ធ្ងរជាងប្រភេទវីរុសអូមីក្រុងទម្រង់ដើមនោះទេ។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ។ លោកវេជ្ជបណ្ឌិត Boris Pavlin នៃក្រុមឆ្លើយតបកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បានថ្លែងអំពីវីរុសអូមីក្រុងទម្រង់ថ្មីនេះ ដែលមានឈ្មោះបច្ចេកទេសថា BA.2 នៅក្នុងសន្និសីទកាសែតតាមអនឡាញ ខណៈវាកំពុងចាប់ផ្តើមចេញមកជំនួសវីរុសអូមីក្រុងទម្រង់ដើម ដែលមានឈ្មោះបច្ចេកទេសថា BA.1 នៅក្នុងប្រទេសដាណឺម៉ាក និងប្រទេសផ្សេងទៀត។ លោកវេជ្ជបណ្ឌិត Pavlin បាននិយាយថា៖ «បើយើងក្រឡេកមើលប្រទេសនានា ដែលវីរុសអូមីក្រុង BA.2 កំពុងរាតត្បាត យើងមិនបានឃើញមនុស្សដែលចូលសម្រាកក្នុងមន្ទីរពេទ្យច្រើនជាងការរំពឹងទុកនោះទេ»។ លោកវេជ្ជបណ្ឌិត Pavlin បានលើកឡើងដោយផ្អែកលើទិន្នន័យបានមកពីប្រទេសដាណឺម៉ាក ជាប្រទេសទី១ ដែលវីរុសអូមីក្រុងថ្មី BA.2 មានចំនួនច្រើនលើសវីរុសអូមីក្រុងដើម BA.1។ លោកបាននិយាយទៀតថា វ៉ាក់សាំងបានបន្តផ្តល់ការការពារស្រដៀងគ្នា ប្រឆាំងនឹងទម្រង់អូមីក្រុងប្រភេទផ្សេងទៀត។ ប្រភេទវីរុសថ្មីនេះ ឆ្លងខ្លាំងជាងវីរុសដើម BA.1 នេះបើតាមការសិក្សារបស់ដាណឺម៉ាក ដែលបានធ្វើការវិភាគអំពីការឆ្លងនៅក្នុងគ្រួសារដាណឺម៉ាកជាង ៨.៥០០ គ្រួសារ នៅខែធ្នូ និងខែមករា។ វីរុសអូមីក្រុងប្រភេទថ្មីនេះ ក៏កំពុងរាលដាលលើសលុបច្រើនជាងមេរោគកូវីដប្រភេទផ្សេងៗទៀតនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ ហ្វ៊ីលីពីន និងកាតាផងដែរ ក៏ប៉ុន្តែការរាលដាលរបស់វានៅប្រទេសដាណឺម៉ាក មិនបានបញ្ឈប់អាជ្ញាធរនៅក្នុងប្រទេសនេះ ឲ្យលុបចោលការរឹតត្បិតសង្គមនានានោះទេ៕ (AFP ថ្ងៃទី០៣ ខែកុម្ភៈ)