សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោរបស់ហុងកុង លោក Joshua Wong ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ខែបន្ថែមទៀត ពីបទចូលរួមក្នុងការជួបជុំគ្នាល្មើសច្បាប់អនុញ្ញាត កាលពីឆ្នាំមុន ដើម្បីរំឭកដល់ខួបនៃការបង្ក្រាបឆ្នាំ ១៩៨៩ លើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ទីក្រុងប៉េកាំង ប្រទេសចិន។ លោក Wong អាយុ ២៤ ឆ្នាំ កំពុងត្រូវជាប់ពន្ធនាគារ រយៈពេល ១៣ ខែកន្លះរួចទៅហើយ ពីបទរៀបចំបាតុកម្មដោយគ្មានច្បាប់អនុញ្ញាត កាលពីឆ្នាំ ២០១៩។ លោកត្រូវបានកាត់ទោសកាលពីចុងសប្តាហ៍ ជាមួយសកម្មជន ៣ នាក់ផ្សេងទៀត រួមមានលោក Lester Shum កញ្ញា Jannelle Leung និងកញ្ញា Tiffany Yeun ដែលទទួលទោសជាប់ពន្ធនាគារ ពី ៤ ខែទៅ ៦ ខែ។ លោក Wong ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំង ៤៧ នាក់ ដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិ ពីបទចូលរួមក្នុងការបោះឆ្នោតក្រៅផ្លូវការ កាលពីខែកក្កដា ដើម្បីជ្រើសរើសបេក្ខជនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតតំណាងរាស្ត្រ។ ប្រទេសចិនបានហាមប្រាមរាល់ការប្រារព្ធពិធីជាសាធារណៈ ទាក់ទងនឹងការបង្ក្រាបថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅពេលរថក្រោះ និងយោធាចិន បង្ក្រាបបាតុកម្មរាប់សប្ដាហ៍ដែលដឹកនាំដោយសិស្សនិស្សិតនៅទីលាន Tiananmen ៕ AP