នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់គប់រថយន្តអ្នកដំណើរពេលយប់ ទៅដេកគុកលេង

0
367

ត្បូងឃ្មុំៈ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការ និងកម្លាំងប៉ុស្តិ៍ រដ្ឋបាលស្រឡប់ បានឃាត់ខ្លួនបុរសម្នាក់ ដែលកំពុងធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ចំនួន៣គ្រឿង ត្រង់ចំណុចភូមិនិគមលើ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣១ មករា ឆ្នាំ២០២២ ដើម្បីចាត់ការទៅតាមនិតិវិធី ។
លោក វរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងជិត៩ យប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ នៅពេលបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទៅលេខប្រចាំបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ថាមានជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគប់កញ្ជក់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូខាងជើងសាលាខេត្តត្បូងឃ្មុំ ត្រង់ដីឡូទំនេរមួយកន្លែងមិនស្គាល់ម្ចាស់ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់នៃអធិការដ្ឋានស្រុកត្បូងឃ្មុំ បានចុះអន្តរាគមន៍ចាត់ការជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ក្នុងនោះកម្លាំងបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចន ចាន់រ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងអង្គុយក្នុងរោងមួយរបស់ដីឡូ ក្រុមហ៊ុន សូ សេត កំពុងចាំគប់កញ្ចក់រថយន្តដោយមានវត្ថុតាងដុំថ្មជាច្រើនដុំនៅជិតខ្លួន ។ យើងធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់ រថយន្តនៅទីនោះពិតប្រាកដមែន និងបានការឯកភាពពីលោក ឧត្តមសេនីយ៍ស្នងការ និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតិឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចងក្រងសំណុំរឿងតាមនិតិវិធី ។ ហើយ ដោយឡែកជនរងគ្រោះជំនាញយើងខ្ញុំព្យាយាមស្វែងរកដែរតែមិនបានជួបស្គាល់នោះទេ ។


ដូចគ្នានេះដែរ លោក វឿន វិន បានបញ្ជាក់ដែរថា ពេលកើតហេតុ គាត់បានឃើញ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពគប់រថយន្តរបស់អ្នកដំណើរជាបន្តបន្ទាប់ ចំនួន ៣គ្រឿង (១គ្រឿងរថយន្តរបស់ក្រុមហ៊ុនវរៈ ប៊ុនថាំ ពណ៌ទឹកក្រូច .១គ្រឿងរថយន្តធុនកូរ៉េ មិនច្បាស់ពណ៌ .និង១គ្រឿងទៀតម៉ាក VEGO ពណ៌ទឹកមាស ) ដែលមិនស្គាល់អ្នកបើកបរ ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យខូចខាតរថយន្តទាំង៣គ្រឿងនោះកំរិតស្រាលពិតប្រាកដមែន ប៉ុន្តែម្ចាស់រថយន្តទាំង៣គ្រឿងនោះ បានឈប់តែបន្តិច ពិនិត្យរថយន្តហើយ ក៏ធ្វើដំណើរទៅទិសខាងលិចបាត់អស់ទៅ ។
ហើយលោកអធិការក៏បានបញ្ជាក់ទៀតថា ជនសង្ស័យជំនាញបានចាត់ការទៅតាមនិតិវិធី និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២ នៅផងដែរ ៕
អាចារ្យលាក់ ២.២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here