ក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយរបស់អាមេរិក បានព្រមានកាលពីថ្ងៃចន្ទ ទាក់ទិននឹងរឿងសុវត្ថិភាពរបស់ក្រុមកីឡាករអាមេរិក ដែលត្រូវចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអាជ្ញាធរចិនបានគំរាម «ដាក់ពិន័យ» លើអ្នកណា ដែលបញ្ចេញមតិប្រឆាំងនឹងរដ្ឋាភិបាលចិន។ គណៈកម្មការសភាទទួលបន្ទុកកិច្ចការប្រទេសចិន បានស្នើដល់អាជ្ញាធរអូឡាំពិកសហរដ្ឋអាមេរិក ឲ្យមាន «កិច្ចប្រឹងប្រែងជាបន្ទាន់» មួយ ដើម្បីការពារសិទ្ធិបញ្ចេញមតិរបស់ក្រុមកីឡាករអាមេរិក ដែលនឹងចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិករដូវរងានៅក្នុងប្រទេសចិន ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈខាងមុខ។ គណៈកម្មការនេះបានលើកឡើងដូច្នេះ បន្ទាប់ពីលោក Yang Shu មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករបស់ចិន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ កាលពីថ្ងៃទី១៨ ខែមករាថា «អាកប្បកិរិយា ឬ ការថ្លែងណាមួយ ដែលប្រឆាំងទៅនឹងស្មារតីអូឡាំពិក ជាពិសេស ប្រឆាំងទៅនឹងច្បាប់ និងបទបញ្ញត្តិនានារបស់ចិន ត្រូវរងការពិន័យមួយចំនួន»។ គណៈកម្មការអាមេរិកនេះ បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ ដែលផ្ញើទៅកាន់គណៈកម្មាធិការកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកថា៖ «ទោះបីជាយើងសង្ឃឹមថា មិនមានកីឡាករណាម្នាក់ ប្រឈមនឹងការពិន័យ ដោយសារតែការអនុវត្តសិទ្ធិបញ្ចេញមតិរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែដោយសារការលើកឡើងរបស់មន្ត្រីចិនលោក Yang Shu និងសកម្មភាពកន្លងមករបស់រដ្ឋាភិបាលចិន ទើបយើងជំរុញឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួន ដើម្បីការពារកីឡាករណាដែលបញ្ចេញមតិ»។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេនឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលផ្លូវការណាមួយ ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះទេ ដោយលើកឡើងអំពីអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលគេចោទប្រកាន់ថា ចិនបានប្រព្រឹត្តិទៅលើជាតិសាសន៍ភាគតិច អ៊ុយហ្គ័រ (Uyghur) កាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ប្រទេសចិន។ ប៉ុន្តែប្រទេសទាំងនោះនៅតែបញ្ជូនក្រុមកីឡាកររបស់ខ្លួន ឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡានោះ៕ (AFP ថ្ងៃទី០១ ខែកុម្ភៈ)