សម្តេចក្រឡាហោម ស ខេង៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង

0
130

រាជធានីភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង នៅថ្ងៃ៣១ មករា បញ្ជាក់ថា ទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។

សម្តេច ក្រឡាហោម ស ខេង គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំធ្លាប់បញ្ជាក់ជូនហើយថា បញ្ហាកូវីដ-១៩នេះ ថ្វីដ្បិតថា ពេលនេះមិនទាន់មានការថមថយ ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខានឡើយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗដើម្បីផលិត និងចែកចាយ»។ នៅចំពោះមុខបញ្ហានេះ សម្តេច ក្រឡាហោម ស ខេង បានអំពាវនាវជាថ្មីម្ដងទៀត ដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ។ កុំលើកលែង មានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។

សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។ មួយរាយការណ៍ មានន័យថា ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន ៦៣០៨ករណី ស្មើនឹង ៦០,៣០ភាគរយ គិតលើឆ្នាំ ២០២០ ពោលគឺបានថយចុះ ៤,១៥៣ករណី ស្មើនឹង ៣៩,៧០ភាគរយ ធៀបនឹងឆ្នាំ ២០២០កន្លងទៅនោះ។ ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុកមានចំនួន ៤,៤៧៣ករណី, ករណីប្រើប្រាស់មានចំនួន ១,៧៨៩ករណី, ករណីដាំដុះមានចំនួន ៣៧ករណី, ករណីកែច្នៃ ៩ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ១៣,៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៨៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន ៥,២៦៤នាក់, ដាំដុះ ៩នាក់ និងកែច្នៃ ៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មានជនបរទេសចំនួន ៣៦៥នាក់។

នៅឆ្នាំ២០២១ ដដែលនោះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបជាង ៤តោន៦៨៩គីឡូក្រាមនិង ៦១១,៤៧ក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម មេតំហ្វេតាមីនគ្រាប់(WY)ជាង ៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង ២,៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង ២៧៥គីឡូក្រាម, កាទីណូនជាង ១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង ១១គីឡូក្រាម និងកាកូអីនជាង ១គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន ៥៣,១៨៧ដើម កញ្ឆាក្រៀមជាង ១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សំបង្ក្រាបបានជាង ៨៤តោន កើនជាង ១ពាន់ភាគរយឯណោះ។
ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចជា រថយន្ត ១៣៨គ្រឿង, ម៉ូតូ ១.៩៨៨គ្រឿង, ទូរសព្ទ៦,៥៥៤គ្រឿង, ជញ្ជីង ៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី ២៩ដើម, ប្រាក់រៀលជាង ៧៨លានរៀល, ប្រាក់អាម៉េរិកជាង ៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង ៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យចំនួន ២០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here