របបយោធារបស់មីយ៉ាន់ម៉ាអនុម័តគម្រោងវិនិយោគ មានទឹកប្រាក់ ២,៨ ពាន់លានដុល្លារអាមេរិក រួមទាំងរោងចក្រថាមពល

0
255

ស្ថាប័នវិនិយោគរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មេដឹកនាំយោធារបស់ប្រទេសនេះ បានអនុម័តការ វិនិយោគថ្មី នៅក្នុងគម្រោងដែលមានតម្លៃជិត ២,៨ ពាន់លានដុល្លារអាមេរិក រួមទាំងរោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិ (LNG) ដែលអាចនឹងចំណាយថវិកាចំនួន ២,៥ ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់អគ្គនាយកវិនិយោគ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ១៥ ត្រូវបានអនុម័តកាលពីចុងសប្តាហ៍ ដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា។ ការប្រកាសនេះធ្វើឡើងជាមួយនឹងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ដែលភាគច្រើននៅជាប់គាំង ដោយសារការតវ៉ា និងកូដកម្ម ចាប់តាំងពីកងទ័ពបានកាន់កាប់អំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ។ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ Fitch Solutions បានព្យាករណ៍ថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ២០ ភាគរយ នៅឆ្នាំនេះ។ បន្ថែមពីលើរោងចក្រដើម្បីបង្កើតថាមពលសម្រាប់តម្រូវការក្នុងស្រុក មានគម្រោងផ្សេងទៀត ត្រូវបានអនុម័ត រួមមាន វិស័យបសុសត្វ ផលិតកម្ម និងសេវាកម្ម។ ស្ថាប័ននេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីថា តើក្រុមហ៊ុនណាដែលនៅពីក្រោយគម្រោង ឬ ប្រទេសណានោះទេ។ វិនិយោគិនធំបំផុតនៅមីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺចិន សិង្ហបុរី និងថៃ។ ប៉ុន្តែក្រុមហ៊ុន LNG ត្រូវបានគេមើលឃើញថា មានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់ប្រទេសមួយ ដែលសេដ្ឋកិច្ចរបស់ខ្លួនបានរីកដុះដាល ក្នុងអំឡុងពេលមួយទសវត្សរ៍ នៃការកែទម្រង់ប្រជាធិបតេយ្យ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here