ប្រជាពលរដ្ឋភ្នំពេញក្នុងមួយឆ្នាំស្លាប់ជិត៧ពាន់នាក់ កើនលើសឆ្នាំមុនជាង២ពាន់នាក់ រៀបការជិត១ម៉ឺនគូ និងកើតជិត២ម៉ឺននាក់

0
328

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៏ របស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃទី០១មករា ដល់ ថ្ងៃទី៣១ធ្នូ ឆ្នាំ ២០២១កន្លងមក ប្រជាពលរដ្ឋដែលបានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ បានចំនួន ៦០.២៥៤នាក់(ស្រី២៩.០២៤នាក់) ក្នុងនោះ ចុះបញ្ជីសំបុត្រកំណើត ចំនួន ១៨.៧៨៤នាក់ (ស្រី ៩.០២១នាក់) បញ្ជាក់កំណើត ចំនួន ១៦.២៧៣នាក់ (ស្រី ៧.៦៦០នាក់) អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងខ្មែរចំនួន ៨.៩៣០គូ រវាងខ្មែរ និងបរទេស ចំនួន ១៥៦គូ និងមរណភាព ចំនួន ៦.៨៩២នាក់ (ស្រី៣.២០១នាក់) ព្រមទាំងបានចុះបញ្ជីកំណើតជនបរទេស ចំនួន ៧៦នាក់ (ស្រី ៣៨នាក់) អាពាហ៍ពិពាហ៍ជនបរទេស ចំនួន ១៧គូ និងមរណភាពជនបរទេស ចំនួន ២៣នាក់ (ស្រី ១នាក់)។


របាយការណ៏ដដែល បានអោយដឹងទៀតថា ស្ថិតិប្រជាពលរដ្ឋរាជធានីភ្នំពេញដែលបានចុះបញ្ជីស្នាក់នៅ(ជំរឿនប្រជាជនឆ្នាំ២០១៩)មានចំនួន៤៩៩.២៩៩គ្រួសារ,ប្រជាពលរដ្ឋ សរុបចំនួន ២.២៨១.៩៥១នាក់ (ស្រី ១.១៧៦.២៧៨នាក់)។ បានទទួលសំណុំបែបទសុំផ្តល់សៀវភៅស្នាក់នៅ(ក២) ចំនួន ៤.៦៣២គ្រួសារ និងសុំកែតម្រូវបន្ថែមសមាជិកលើសៀវភៅស្នាក់នៅ(ក២) ចំនួន ៧.៥២៧គ្រួសារ។ បានទទួលសំណុំបែបបទសុំផ្តល់សៀវភៅគ្រួសារ(ក៤) ចំនួន ៣.០០៥សហព័ទ្ធ និងសុំកែតម្រូវបន្ថែមសមាជិកលើសៀវភៅគ្រួសារ(ក៤) ចំនួន ២.២៨៤សហព័ទ្ធ ។

បានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ បានចំនួន១៧.៨៣៥នាក់ (ប្រុស៩.០១២នាក់) និងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ចំនួន ១៧.១៤៩សន្លឹក (ប្រុស ៨.៦២៣នាក់)។
គួររំលឹកថា រយៈពេលមួយឆ្នាំដូចគ្នាកាលឆ្នាំ២០២០កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បានរៀបអាពាហ៏ពិពាហ៏ចំនួន១១៩២៤គូ(រៀបការខ្មែរនិងខ្មែរមាន១១៧២០គូ ខ្មែរនិងបរទេស១៨០គូ បរទេស និងបរទេសចំនួន២៤គូ) បញ្ជាក់កំណើតក្រោយកូនកើតរយៈពេល៣០ថ្ងៃ បានចំនួន១៥ ៩៤៥នាក់ (ស្រី ៧ ៧១៤នាក់) និងបរទេស៣៧នាក់ និងអ្នកស្លាប់ មានចំនួន៤៧៧០នាក់ក្នុងនោះបរទេស២៩នាក់ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២នៅក្នុងពេលឆាប់ៗនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here