វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានកន្លែងដើម្បីបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបាននិយាយថា មើលទៅច្បាស់ណាស់ ការទាមទារសន្តិសុខសំខាន់ៗរបស់រុស្ស៊ីមិនត្រូវបានយកមកពិចារណាដោយក្រុងវ៉ាស៊ីនតោនទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងមិនប្រញាប់ប្រញាល់ក្នុងការសន្និដ្ឋានទេ បន្ទាប់ពីសហរដ្ឋអាមេរិកបានឆ្លើយតបជាផ្លូវការ កាលពីថ្ងៃពុធ ចំពោះសំណើរបស់ខ្លួន សម្រាប់ការរៀបចំឡើងវិញនូវសន្តិសុខក្រោយសង្គ្រាមត្រជាក់នៅអឺរ៉ុប។ ដោយពណ៌នាអំពីភាពតានតឹងនៅទ្វីបនេះថា ជាការរំឮកដល់សង្គ្រាមត្រជាក់ លោក Peskov បាននិយាយថា វានឹងត្រូវការពេលវេលាសម្រាប់ទីក្រុងម៉ូស្គូ ដើម្បីពិនិត្យមើលការឆ្លើយតបរបស់អាមេរិក។ លោកបាននិយាយថា វាជាផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនា ទោះបីជាលោកបាននិយាយថា ការកត់សម្គាល់ចេញពីសហរដ្ឋអាមេរិក និងអង្គការណាតូ អំពីការទាមទារសំខាន់ៗរបស់រុស្ស៊ីដែលមិនអាចទទួលយកបាន មិនបានទុកចន្លោះច្រើនសម្រាប់សុទិដ្ឋិនិយមនោះទេ។ លោក Peskov បាននិយាយថា “ប៉ុន្តែយើងនឹងមិនប្រញាប់ប្រញាល់ជាមួយនឹងការវាយតម្លៃរបស់យើងទេ”។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែក អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា មានក្តីសង្ឃឹមក្នុងការចាប់ផ្តើមកិច្ចសន្ទនា ប៉ុន្តែមានតែលើសំណួរបន្ទាប់បន្សំប៉ុណ្ណោះ ហើយមិនមែនលើសំណួរជាមូលដ្ឋាននោះទេ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងសម្រេចចិត្តលើជំហានបន្ទាប់របស់រុស្ស៊ី ទាក់ទងនឹងការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដែលបានប្រគល់កាលពីថ្ងៃពុធ៕ (Reuters ថ្ងៃទី២៨ ខែមករា)