សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករាថា ខ្លួនកំពុងស្នើសុំឱ្យចិនបន្ធូរបន្ថយច្បាប់ធ្វើចត្តាឡីស័កសម្រាប់អ្នកការទូត បន្ទាប់ពីទីក្រុងប៉េកាំងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងស្វែងរកការបំផ្លិចបំផ្លាញកីឡាអូឡាំពិករដូវរងា។ ប្រទេសចិនដែលបន្តអនុវត្តគោលនយោបាយសូន្យ COVID-19 បានដាក់ការធ្វើចត្តាឡីស័ក យ៉ាងតិច 14 ថ្ងៃ សម្រាប់អ្នកដំណើរដែលចូលមក និងបានបិទតំបន់សំខាន់ៗជាច្រើនដង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកបានពិភាក្សាជាមួយប្រទេសចិន ជុំវិញការធ្វើចត្តាឡីស័ក និងច្បាប់ធ្វើតេស្ត ដែល “ដំណើរការប្រឆាំងនឹងឯកសិទ្ធិការទូត និងអភ័យឯកសិទ្ធិ”។ លោក Price បានប្រាប់អ្នកយកព័ត៌មានថា “យើងបានផ្តល់អនុសាសន៍នូវជម្រើសសមហេតុផលជាច្រើន ដែលត្រូវគ្នា ជាមួយនឹងវិធានការកាត់បន្ថយ COVID-19 ហើយនៅពេលជាមួយគ្នានេះ ត្រូវស្របតាមបទដ្ឋានការទូតអន្តរជាតិ”។ កាសែត Global Times គ្រប់គ្រងដោយរដ្ឋចិន មុននេះ បានព្រមានប្រឆាំងនឹងការអនុញ្ញាតណាមួយពីក្រសួងការបរទេស ក្នុងការអនុញ្ញាតឱ្យបុគ្គលិក ឬ ក្រុមគ្រួសារចាកចេញ ដោយហៅប្រទេសចិនថា “កន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក”។ ការចាកចេញបែបនេះ “គ្រាន់តែបង្កើតឱ្យមានការភ័យស្លន់ស្លោ បង្កាច់បង្ខូចចំពោះការងារប្រឆាំងការរាតត្បាតរបស់ប្រទេសចិន និងរំខានដល់ការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងារបស់ប្រទេសចិន”។ ប្រទេសចិនក៏បានប្រាប់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ “ការជ្រៀតជ្រែក” នៅក្នុងកីឡាអូឡាំពិកនៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន រវាងរដ្ឋមន្ត្រីការបរទេសលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken។ សហរដ្ឋអាមេរិកបានប្រកាសរួចហើយថា អ្នកការទូតរបស់ខ្លួននឹងធ្វើពហិការមិនចូលរួមការប្រកួតកីឡា ដែលបើកនៅថ្ងៃទី4 ខែកុម្ភៈ ដោយសារការព្រួយបារម្ភអំពីសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកចោទចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ Uyghurs ដោយមានប្រជាជនមូស្លីមច្រើនជាង ១ លាននាក់ ត្រូវបានឃុំខ្លួនក្នុងជំរំ៕ (AFP ថ្ងៃទី២៨ ខែមករា)